9 គំនិតគិតពីសេចក្តីចំកួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
10 បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ។
11 ចូរជួយសង្គ្រោះពួកអ្នក ដែលគេដឹកនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសំឡាប់ចុះ
12 បើឯងថា មើល យើងមិនបានដឹងទេ ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត តើទ្រង់មិនពិចារណាឃើញ ហើយដែលទ្រង់ថែរក្សាព្រលឹងឯង តើមិនជ្រាបទេឬ តើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអី។
13 កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតជារបស់ឆ្ងាញ់ ហើយសំណុំឃ្មុំដែលមានរសផ្អែមដល់មាត់ឯងផង
14 គឺយ៉ាងនោះ ដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងឯងដែរ បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់ ហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនត្រូវកាត់បង់ឡើយ។
15 នែ មនុស្សអាក្រក់អើយ កុំឲ្យលបចាំប្រទូស្តនឹងលំនៅរបស់មនុស្សសុចរិតឡើយ កុំឲ្យបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ