សុភាសិត 27:12-18 KHOV

12 មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់‌ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។

13 ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទទួល​របស់​បញ្ចាំ​ពី​អ្នក​ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។

14 បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង និង​ឲ្យ​ពរ​ដល់​មិត្រ​សំឡាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។

15 ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជានិច្ច នៅ​ថ្ងៃ​ភ្លៀង​ច្រើន ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា

16 អ្នក​ណា​ដែល​ចង់​ឃាត់​នាង នោះ​ឃាត់​តែ​ខ្យល់​ទេ ហើយ​ដៃ​អ្នក​នោះ​ចាប់​ក្តាប់​ប្រេង​ប៉ុណ្ណោះ។

17 ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស ក៏​ធ្វើ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ។

18 អ្នក​ណា​ដែល​ថែ‌ទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ ហើយ​អ្នក​ណា​ដែល​បំរើ​ចៅ‌ហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិសព្ទ។