សុភាសិត 28:11-17 KHOV

11 មនុស្ស​អ្នក​មាន គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ក្រ​ដែល​មាន​យោបល់ នឹង​ស្ទង់​មើល ឲ្យ​ស្គាល់​គេ​បាន។

12 កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ‌ជំនះ នោះ​បណ្តា‌ជន​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្រៃលែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។

13 អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់‌តួ ហើយ​លះ‌បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តា‌ករុណា​វិញ។

14 សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ចិត្ត​កោត‌ខ្លាច​ជានិច្ច តែ​អ្នក​ណា​ដែល​តាំង​ចិត្ត​រឹង‌ទទឹង នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​អន្តរាយ​វិញ។

15 មនុស្ស​អាក្រក់​ដែល​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លា‌ឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។

16 ចៅ‌ហ្វាយ​ណា​ដែល​ខ្វះ​យោបល់ នោះ​តែង​តែ​សង្កត់‌សង្កិន​ជន​ជា​យ៉ាង​ខ្លាំង តែ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​លោភ នោះ​នឹង​បាន​ចំរើន​អាយុ​យឺន‌យូរ​វិញ។

17 ឯ​មនុស្ស​ដែល​មាន​ទោស​ជា​អ្នក​កំចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។