សុភាសិត 30:17-23 KHOV

17 ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល‌ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។

18 មាន​សេចក្តី​៣​មុខ ដែល​អស្ចារ្យ​ហួស​គំនិត​ខ្ញុំ អើ​ក៏​មាន​៤​ផង ដែល​ខ្ញុំ​រក​ស្គាល់​មិន​បាន

19 គឺ​ជា​ដំណើរ​របស់​ឥន្ទ្រី​ហើរ​នៅ​លើ​អាកាស​១ ដំណើរ​នៃ​ពស់​លូន​នៅ​លើ​ថ្ម​១ ដំណើរ​នាវា​បើក​នៅ​កណ្តាល​សមុទ្រ​១ ហើយ​ដំណើរ​មនុស្ស​កំឡោះ​នៅ​ចំពោះ​ស្ត្រី​ក្រមុំ​១។

20 ឯ​ដំណើរ​របស់​ស្រី​សំផឹង​រមែង​យ៉ាង​ដូច្នេះ គឺ​វា​ស៊ី​ហើយ​ជូត​មាត់ រួច​ពោល​ថា ខ្ញុំ​គ្មាន​ធ្វើ​បាប​អ្វី​សោះ។

21 មាន​សេចក្តី​៣​មុខ ដែល​ធ្វើ​ឲ្យ​ផែនដី​ញ័រ ក៏​មាន​៤​ផង ដែល​ផែនដី​ទ្រាំ​មិន​បាន

22 គឺ​បាវ​បំរើ​ដែល​បាន​ឡើង​ធ្វើ​ជា​ស្តេច​១ មនុស្ស​ឥត​របប ដែល​បាន​អាហារ​បរិបូរ​១

23 ស្ត្រី​គួរ​ខ្ពើម​ដែល​យក​ប្ដី​នោះ​១ ហើយ​ខ្ញុំ​ស្រី​ដែល​ជា​អ្នក​ស៊ី​មរដក​ចៅ‌ហ្វាយ​វា​១។