24 ប៉ុន្ដែពេលពួកអ្នកខាងគណៈផារិស៊ីស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សបានដូច្នេះ គឺដោយសារបេលសេប៊ូល ជាមេអារក្សទេតើ»។
25 ប៉ុន្ដែពេលព្រះយេស៊ូដឹងពីគំនិតគេ ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ហើយក្រុង ឬគ្រួសារណាបែកបាក់គ្នា នោះមិននៅស្ថិតស្ថេរទេ
26 បើអារក្សសាតាំងបណ្ដេញអារក្សសាតាំង នោះពួកវាបែកបាក់គ្នាហើយ តើនគររបស់ពួកវានៅស្ថិតស្ថេរយ៉ាងដូចម្ដេចទៅ?
27 ហើយបើខ្ញុំបណ្ដេញពួកអារក្សដោយសារអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះ ពួកគេត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា។
28 ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្ស ដោយសារព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់បានមកដល់អ្នករាល់គ្នាហើយ។
29 តើអ្នកណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំង ហើយប្លន់យកទ្រព្យរបស់ពីផ្ទះគាត់បានយ៉ាងដូចម្ដេច? លើកលែងតែចងមនុស្សខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះគាត់បាន។
30 អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកំចាត់កំចាយហើយ។