ម៉ាថាយ 27 KCB

1 លុះ​ព្រលឹម​ឡើង​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ទាំង​អស់​របស់​ប្រជាជន​បាន​ពិគ្រោះ​គ្នា​ប្រឆាំង​ព្រះយេស៊ូ​ ដើម្បី​សម្លាប់​ព្រះអង្គ​

2 ហើយ​បាន​ចង​ព្រះអង្គ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​ជា​អភិបាល​ក្រុង។​

3 កាល​យូដាស​ជា​អ្នក​ក្បត់​ព្រះយេស៊ូ​ឃើញ​ថា​ ពួកគេ​ផ្ដន្ទា​ទោស​ព្រះអង្គ​ដូច្នេះ​ក៏​សោក​ស្ដាយ​ គាត់​បាន​ប្រគល់​កាក់​ប្រាក់​សាមសិប​កាក់​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​វិញ​

4 ដោយ​និយាយ​ថា៖​ «ខ្ញុំ​ប្រព្រឹត្ត​បាប​ហើយ​ ដែល​បាន​ប្រគល់​ឈាម​គ្មាន​ទោស»​ ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖​ «តើ​ទាក់​ទង​អ្វី​នឹង​យើង?​ ស្រេច​លើ​ឯង​ទេ​តើ»​

5 ពេល​គាត់​គ្រវែង​កាក់​ប្រាក់​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​បាន​ចង​ក​សម្លាប់​ខ្លួន។​

6 ពួក​សម្ដេច​សង្ឃ​យក​កាក់​ប្រាក់​ទាំង​នោះ​មក​ ហើយ​និយាយ​ថា៖​ «វា​មិន​ត្រូវ​តាម​វិន័យ​ទេ​ ដែល​ដាក់​កាក់​ទាំង​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ ព្រោះ​វា​ជា​ថ្លៃ​ឈាម»។​

7 កាល​បាន​ពិគ្រោះ​គ្នា​រួច​ហើយ​ ពួកគេ​ក៏​យក​កាក់​ទាំង​នោះ​ទៅ​ទិញ​ស្រែ​របស់​ជាង​ស្មូន​ម្នាក់​ សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ពួក​សាសន៍​ដទៃ​

8 ដូច្នោះ​ហើយ​ គេ​ហៅ​ស្រែ​នោះ​ថា​ ស្រែ​ឈាម​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​

9 ការ​នោះ​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាម​រយៈ​លោក​យេរេមា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «ពួកគេ​បាន​យក​កាក់​ប្រាក់​សាមសិប​កាក់​ជា​តម្លែ​របស់​ព្រះអង្គ​ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​កាត់​ថ្លៃ​

10 រួច​ប្រគល់​កាក់​ទាំង​នោះ​ ដើម្បី​យក​ស្រែ​របស់​ជាង​ស្មូន​ ដូច​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ»។​

11 កាល​ព្រះយេស៊ូ​កំពុង​ឈរ​នៅ​ចំពោះ​មុខ​លោក​អភិបាល​ នោះ​លោក​អភិបាល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ»។​

12 ពេល​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ចោទ​ប្រកាន់​ព្រះអង្គ​ ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។​

13 ពេល​នោះ​ លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​មិន​ឮ​ពួកគេ​កំពុង​ចោទ​ប្រកាន់​អ្នក​ពី​ករណី​ជា​ច្រើន​ទេ​ឬ?»​

14 ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​ទៅ​គាត់​ទេ​ សូម្បី​តែ​មួយ​ម៉ាត់​ ធ្វើ​ឲ្យ​លោក​អភិបាល​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។​

15 រៀង​រាល់​ថ្ងៃ​បុណ្យ​ លោក​អភិបាល​ធ្លាប់​ដោះលែង​អ្នក​ទោស​ម្នាក់​ឲ្យ​បណ្ដាជន​តាម​ដែល​ពួកគេ​ចង់​បាន។​

16 គ្រា​នោះ​ មាន​អ្នក​ទោស​ម្នាក់​ល្បី​អសោច​ ឈ្មោះ​យេស៊ូ​បារ៉ាបាស​

17 ដូច្នេះ​ កាល​ពួកគេ​បាន​មក​ជួបជុំ​គ្នា​ លោក​ពីឡាត់​ក៏​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា​ឲ្យ​អ្នក​រាល់គ្នា​ យេស៊ូ​បារ៉ាបាស​ ឬ​យេស៊ូ​ដែល​ហៅ​ថា​ ព្រះគ្រិស្ដ?»​

18 ដ្បិត​គាត់​ដឹង​ថា​ ពួកគេ​បញ្ជូន​ព្រះអង្គ​មក​នេះ​ ព្រោះ​តែ​សេចក្ដី​ឈ្នានីស។​

19 ពេល​គាត់​កំពុង​អង្គុយ​លើ​ទី​កាត់​ក្ដី​ ប្រពន្ធ​របស់​គាត់​បាន​ចាត់​គេ​ឲ្យ​មក​ប្រាប់​គាត់​ថា៖​ «លោក​កុំ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នេះ​ឲ្យ​សោះ​ ព្រោះ​ថ្ងៃ​នេះ​ ដោយសារ​គាត់​ ខ្ញុំ​បាន​ទទួល​រងទុក្ខ​ខ្លាំង​ណាស់​នៅ​ក្នុង​យល់សប្ដិ»។​

20 ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​បាន​ញុះញង់​បណ្ដាជន​ឲ្យ​សុំ​យក​បារ៉ាបាស​ ហើយ​ឲ្យ​សម្លាប់​ព្រះយេស៊ូ​វិញ។​

21 លោក​អភិបាល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ​ តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា?»​ ពួកគេ​និយាយ​ថា៖​ «បារ៉ាបាស»​

22 នោះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​វិញ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​យេស៊ូ​ដែល​ហៅ​ថា​ព្រះគ្រិស្ដ​នេះ?»​ គេ​ក៏​និយាយ​ទាំង​អស់​គ្នា​ថា៖​ «ឆ្កាង​វា​ទៅ!»​

23 លោក​ពីឡាត់​បាន​សួរ​ទៀត​ថា៖​ «ហេតុ​អ្វី?​ តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ?»​ នោះ​ពួកគេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖​ «ឆ្កាង​វា​ទៅ!»​

24 កាល​លោក​ពីឡាត់​ឃើញ​ថា​ គាត់​ធ្វើ​អ្វី​ក៏​មិន​បាន​ការ​ដូច្នេះ​ ហើយ​បែរ​ជា​មាន​ចលាចល​ខ្លាំង​ឡើង​ គាត់​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​ចំពោះ​មុខ​បណ្ដាជន​ ហើយ​និយាយ​ថា៖​ «ខ្ញុំ​មិន​ជំពាក់​អ្វី​នឹង​ឈាម​របស់​មនុស្ស​នេះ​ទេ​ គឺ​អ្នក​រាល់គ្នា​ជា​អ្នក​ទទួល​ខុស​ត្រូវ»​

25 ប្រជាជន​ទាំង​អស់​ឆ្លើយ​ឡើង​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​នេះ​ធ្លាក់​មក​លើ​យើង​ និង​កូន​ចៅ​របស់​យើង​ចុះ»​

26 បន្ទាប់​មក​ លោក​ពីឡាត់​ក៏​ដោះលែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ គាត់​ឲ្យ​គេ​វាយ​នឹង​ខ្សែតី​ ហើយ​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។​

27 បន្ទាប់​មក​ ទាហាន​របស់​លោក​អភិបាល​បាន​យក​ព្រះយេស៊ូ​ទៅ​ក្នុង​បន្ទាយ​ទ័ព​ ហើយ​ប្រមូល​ទាហាន​ទាំង​អស់​មក​ចោម​រោម​ព្រះអង្គ។​

28 ពេល​ដោះ​សម្លៀក​បំពាក់​របស់​ព្រះអង្គ​ហើយ​ ពួកគេ​ក៏​ពាក់​អាវ​វែង​ពណ៌​ក្រហមទុំ​ឲ្យ​ព្រះអង្គ​វិញ​

29 រួច​ពួកគេ​បាន​ក្រង​មកុដ​បន្លា​ មក​បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ហើយ​ដាក់​ដើម​ត្រែង​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ និង​នាំ​គ្នា​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «ថ្វាយ​បង្គំ​ស្ដេច​របស់​ជនជាតិ​យូដា!»​

30 ពួកគេ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ ហើយ​យក​ដើម​ត្រែង​នោះ​វាយ​ព្រះសិរ​របស់​ព្រះអង្គ។​

31 នៅ​ពេល​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ​ បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​នាំ​ព្រះអង្គ​ទៅ​ឆ្កាង។​

32 ពេល​កំពុង​ចេញ​ទៅ​នោះ​ ពួកគេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ ជា​អ្នក​ក្រុង​គីរេន​ ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។​

33 ពេល​មក​ដល់​កន្លែង​មួយ​ឈ្មោះ​ គាល់កូថា​ ដែល​ហៅ​ថា​ តំបន់​លលាដ៍​ក្បាល​

34 នោះ​ពួកគេ​ក៏​ឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំង​បាយជូរ​ដែល​លាយ​នឹង​សារធាតុ​ម្យ៉ាង​មាន​ជាតិ​ល្វីង។​ ពេល​ព្រះអង្គ​ភ្លក់​ហើយ​ នោះ​ព្រះអង្គ​មិន​ព្រម​ផឹក​ទេ។​

35 កាល​ឆ្កាង​ព្រះអង្គ​រួច​ហើយ​ ពួកគេ​នាំ​គ្នា​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ​

36 ហើយ​អង្គុយ​យាម​ព្រះអង្គ​នៅ​ទី​នោះ។​

37 ពួកគេ​ដាក់​ស្លាក​នៅ​ខាង​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ដែល​សរសេរ​ពី​ទោស​របស់​ព្រះអង្គ​ថា៖​ «នេះ​ជា​យេស៊ូ​ ជា​ស្ដេច​របស់​ជនជាតិ​យូដា»។​

38 នៅ​ពេល​នោះ​ មាន​ចោរ​ពីរ​នាក់​ត្រូវ​គេ​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។​

39 ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​ បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​

40 ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ!​ បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​ចុះ​ពី​ឈើ​ឆ្កាង​មក!»​

41 ពួក​សម្ដេច​សង្ឃ​ជាមួយ​ពួក​គ្រូវិន័យ​ និង​ពួក​ចាស់ទុំ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​បែប​ដូច្នោះ​ដែរ​ថា៖​

42 «វា​សង្គ្រោះ​គេ​បាន​ ប៉ុន្ដែ​សង្គ្រោះ​ខ្លួន​ឯង​មិន​បាន​ទេ​ ហើយ​វា​ជា​ស្ដេច​អ៊ីស្រាអែល!​ ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក​ នោះ​យើង​នឹង​ជឿ​វា​

43 វា​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ ឥឡូវ​នេះ​ បើ​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​វា​មែន​ ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​វា​ទៅ​ ដ្បិត​វា​បាន​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​ព្រះជាម្ចាស់»។​

44 ឯ​ពួក​ចោរ​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដូច​គ្នា​ដែរ។​

45 ចាប់​ពី​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​ រហូត​ដល់​ម៉ោង​បី​រសៀល​

46 ហើយ​នៅ​ប្រហែល​ម៉ោង​បី​រសៀល​ ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេលី​ អេលី​ ឡាម៉ា​សាបាច់​ថានី?»​ ដែល​មាន​ន័យ​ថា​ «ឱ​ព្រះជាម្ចាស់​នៃ​ខ្ញុំ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំអើយ!​ ហេតុអ្វី​ព្រះអង្គ​បោះបង់​ខ្ញុំ​ចោល​ដូច្នេះ?»​

47 ហើយ​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទីនោះ​បាន​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «អ្នក​នេះ​ស្រែក​រក​លោក​អេលីយ៉ា​ហើយ»​

48 ភ្លាម​នោះ​ បុរស​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ បាន​រត់​ទៅ​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ ដាក់​នឹង​ដើម​ត្រែង​ ហុច​ឲ្យ​ព្រះអង្គ​ផឹក​

49 តែ​អ្នក​ផ្សេង​ទៀត​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ដែរ​ឬ​អត់»។​

50 ព្រះយេស៊ូ​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ម្ដង​ទៀត​ រួច​បាន​ប្រគល់​វិញ្ញាណ​ទៅ​

51 ពេល​នោះ​ វាំង​នន​នៅ​ក្នុង​ព្រះ​វិហារ​ស្រាប់តែ​រហែក​ជា​ពីរ​ចាប់​ពី​លើ​រហូត​ដល់​ក្រោម​ ហើយ​ផែនដី​បាន​រញ្ជួយ​ ឯ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​

52 ផ្នូរ​បាន​របើក​ឡើង​ ហើយ​រូប​កាយ​អ្នក​បរិសុទ្ធ​ជា​ច្រើន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ បាន​រស់​ឡើង​វិញ​

53 និង​បាន​ចេញ​ពី​ផ្នូរ​មក​ ក្រោយ​ពេល​ព្រះអង្គ​រស់​ឡើង​វិញ​ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​បរិសុទ្ធ​ ទាំង​បង្ហាញ​ខ្លួន​ដល់​មនុស្ស​ជា​ច្រើន​ផង។​

54 កាល​នាយ​ទាហាន​ និង​ពួក​អ្នក​នៅ​យាម​ព្រះយេស៊ូ​ជាមួយ​គាត់​បាន​ឃើញ​ផែនដី​រញ្ជួយ​ និង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក៏​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ពិត​មែន»។​

55 នៅ​ទីនោះ​មាន​ស្ដ្រី​ជា​ច្រើន​ដែល​បាន​តាម​បម្រើ​ព្រះយេស៊ូ​ពី​ស្រុក​កាលីឡេ​ផង​ដែរ​ ពួក​នាង​បាន​សម្លឹង​មើល​ពី​ចម្ងាយ​

56 នៅ​ក្នុង​ចំណោម​នោះ​មាន​ នាង​ម៉ារា​ ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ និង​លោក​យ៉ូសេស​ ព្រម​ទាំង​ប្រពន្ធ​របស់​លោក​សេបេដេ​ផង។​

57 លុះ​ដល់​ពេល​ល្ងាច​ បុរស​អ្នក​មាន​ម្នាក់​មក​ពី​ក្រុង​អើរីម៉ាថេ​ឈ្មោះ​យ៉ូសែប​ ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ​នោះ​បាន​មក​ដល់​

58 គាត់​បាន​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះយេស៊ូ​ ពេល​នោះ​ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​សព​ឲ្យ។​

59 លោក​យ៉ូសែប​បាន​យក​សព​រុំ​នឹង​សំពត់​ទេស​ឯក​ស្អាត​មួយ​

60 ហើយ​ក៏​បញ្ចុះ​សព​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់​ ដែល​គាត់​បាន​ដាប់​នៅ​ក្នុង​ថ្ម។​ កាល​បាន​ប្រមៀល​ថ្ម​ធំ​មួយ​បិទ​ច្រក​ចូល​ផ្នូរ​រួច​ គាត់​ក៏​ចាក​ចេញ​ទៅ​

61 ឯ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ម្នាក់​ទៀត​ បាន​អង្គុយ​នៅ​មុខ​ផ្នូរ​ទី​នោះ​ដែរ។​

62 នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​ថ្ងៃ​រៀបចំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ជួបជុំ​គ្នា​ជាមួយ​លោក​ពីឡាត់​

63 ប្រាប់​ថា៖​ «លោកម្ចាស់!​ យើង​នៅ​ចាំ​ថា​ ជន​បោក​ប្រាស់​ម្នាក់​នោះ​បាន​និយាយ​កាល​នៅ​រស់​នៅ​ឡើយ​ថា​ បី​ថ្ងៃ​ក្រោយ​ ខ្ញុំ​នឹង​រស់​ឡើង​វិញ​

64 ដូច្នេះ​ សូម​លោក​បង្គាប់​គេ​ឲ្យ​យាម​ផ្នូរ​ដល់​ថ្ងៃ​ទី​បី​ ក្រែង​លោ​ពួក​សិស្ស​របស់​វា​មក​លួច​យក​សព​ រួច​ប្រាប់​ប្រជាជន​ថា​ វា​រស់​ពី​ស្លាប់​ឡើង​វិញ។​ ការ​បោកប្រាស់​លើក​ចុង​ក្រោយ​នេះ​មុខ​ជា​អាក្រក់​ជាង​លើក​មុន​ទៅ​ទៀត»។​

65 លោក​ពីឡាត់​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មាន​អ្នក​យាម​ហើយ​ ចូរ​ទៅ​យាម​តាម​ដែល​អ្នក​រាល់គ្នា​យល់​ឃើញ​ចុះ»​

66 ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​ដាក់​អ្នក​យាម​ឲ្យ​យាម​ផ្នូរ​ និង​បាន​បោះ​ត្រា​នៅលើ​ថ្ម​បិទ​ផ្នូរ​នោះ​ទៀត​ផង។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28