ម៉ាថាយ 22 KCB

1 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ទៀត​ថា៖​

2 «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដេច​មួយ​អង្គ​ដែល​រៀបចំ​ពិធី​មង្គលការ​ឲ្យ​កូន​របស់​ខ្លួន​

3 ស្ដេច​បាន​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ហៅ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ពិធី​មង្គលការ​ ប៉ុន្ដែ​ពួកគេ​មិន​ចង់​មក​ទេ។​

4 ស្ដេច​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ​ម្ដង​ទៀត​ ដោយ​មាន​បន្ទូល​ថា​ ចូរ​ប្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ មើល៍​ យើង​បាន​រៀបចំ​អាហារ​របស់​យើង​រួច​ហើយ​ គោ​ និង​សត្វ​បំប៉ន​ធាត់ៗ​បាន​សម្លាប់​រួច​ហើយ​ អ្វីៗ​ត្រូវ​បាន​រៀបចំ​ជា​ស្រេច​ សូម​អញ្ជើញ​មក​ចូលរួម​ពិធី​មង្គលការ​ចុះ។​

5 ប៉ុន្ដែ​ពួក​ភ្ញៀវ​មិន​ខ្វល់​ទេ​ ម្នាក់​ចេញ​ទៅ​ចម្ការ​របស់​ខ្លួន​ ម្នាក់​ទៀត​ទៅ​ប្រកប​របរ​រកស៊ី​របស់​ខ្លួន​

6 ហើយ​អ្នក​ខ្លះ​ទៀត​បាន​ចាប់​ពួក​បាវបម្រើ​ទាំង​នោះ​ធ្វើ​បាប​ ហើយ​សម្លាប់​ចោល។​

7 ដូច្នេះ​ ស្ដេច​ក៏​ខឹង​ ហើយ​បាន​ចាត់​ទាហាន​របស់​ខ្លួន​ឲ្យ​ទៅ​កម្ទេច​ឃាតក​ទាំង​នោះ​ ទាំង​ដុត​ក្រុង​របស់​ពួកគេ​ចោល​ផង​

8 បន្ទាប់​មក​ ស្ដេច​មាន​បន្ទូល​ទៅ​ពួក​បាវបម្រើ​របស់​ខ្លួន​ថា​ ពិធី​មង្គលការ​បាន​រៀបចំ​រួច​ជា​ស្រេច​ហើយ​ ប៉ុន្ដែ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទាំង​នោះ​ មិន​ស័ក្តិសម​នឹង​ចូលរួម​ទេ​

9 ដូច្នេះ​ ចូរ​ទៅ​ផ្លូវ​បំបែក​ ហើយ​អញ្ជើញ​អស់​អ្នក​ដែល​អ្នក​ជួប​ឲ្យ​មក​ចូលរួម​ពិធី​មង្គលការ​ចុះ​

10 ពួក​បាវបម្រើ​ទាំង​នោះ​ក៏​បាន​ចេញ​ទៅ​តាម​ផ្លូវ​ ប្រមូល​មនុស្ស​គ្រប់​គ្នា​ដែល​គេ​បាន​ជួប​ទាំង​ល្អ​ ទាំង​អាក្រក់​ ហើយ​ពិធី​មង្គលការ​ក៏​មាន​ភ្ញៀវ​ពេញ​

11 កាល​ស្ដេច​យាង​មក​ជួប​ភ្ញៀវ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ នោះ​ស្ដេច​បាន​ឃើញ​បុរស​ម្នាក់​ ដែល​មិន​បាន​ស្លៀក​សម្លៀក​បំពាក់​សម្រាប់​ពិធី​មង្គលការ​

12 ស្ដេច​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា​ សម្លាញ់​អើយ‍!​ ដូច​ម្ដេច​បាន​ជា​អ្នក​ចូល​មក​ទី​នេះ​ ដោយ​គ្មាន​សម្លៀក​បំពាក់​សម្រាប់​ពិធី​មង្គលការ​ដូច្នេះ?​ តែ​បុរស​នោះ​មិន​ចេញ​ស្ដី​សោះ​

13 បន្ទាប់​មក​ ស្ដេច​មាន​បន្ទូល​ទៅ​ពួក​អ្នកបម្រើ​ថា​ ចូរ​ចង​ដៃ​ ចង​ជើង​អ្នក​នេះ​ ហើយ​បោះ​វា​ទៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ខាង​ក្រៅ​ទៅ។​ នៅ​ទី​នោះ​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ​

14 ដ្បិត​ហៅ​បាន​ច្រើន​នាក់​មែន​ ប៉ុន្ដែ​ជ្រើស​រើស​បាន​តិច​តួច​ទេ‍។​»

15 បន្ទាប់​មក​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ពិគ្រោះ​គ្នា​ ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មាន​បន្ទូល​

16 ពួកគេ​ក៏​ចាត់​សិស្ស​របស់​ខ្លួន​ឲ្យ​ទៅ​ជាមួយ​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​អើយ‍!​ យើង​ដឹង​ថា​លោក​ពិត​ត្រង់​ ហើយ​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​ និង​មិន​ខ្វល់​ពី​អ្នកណា​ទេ​ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ​

17 ដូច្នេះ​សូម​ប្រាប់​យើង​ផង​ថា​ លោក​គិត​យ៉ាង​ដូច​ម្ដេច​ តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​ តឹ្រមត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?»​

18 ប៉ុន្ដែ​ព្រះយេស៊ូ​ជ្រាប​ពី​បំណង​អាក្រក់​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មាន​ពុត​អើយ‍!​ ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ?​

19 ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍»​ នោះ​គេ​ក៏​យក​កាក់​មួយ​ឌេណារី​មក​ឲ្យ​ព្រះអង្គ​

20 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​

21 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះចៅ​អធិរាជ»​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ រួច​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ‍»​

22 កាល​ឮ​ដូច្នេះ​ ពួកគេ​ក៏​នឹក​អស្ចារ្យ​ ហើយ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ។​

23 នៅ​ថ្ងៃ​នោះ​ ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ បាន​ចូល​មក​ជិត​ព្រះអង្គ​សួរ​

24 ថា៖​ ‍«លោកគ្រូ​ លោក​ម៉ូសេ​និយាយ​ថា​ ប្រសិន​បើ​អ្នកណា​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​ នោះ​ប្អូន​ប្រុស​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់​

25 ឥឡូវ​នេះ​ ក្នុង​ចំណោម​យើង​ខ្ញុំ​មាន​បងប្អូន​ប្រុស​ប្រាំ​ពីរ​នាក់​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ រួច​ក៏​ស្លាប់​ទៅ​ ហើយ​បន្សល់​ប្រពន្ធ​ទុក​ឲ្យ​ប្អូន​ប្រុស​របស់​គាត់​ ដោយ​គ្មាន​កូន​សោះ​

26 ប្អូន​ប្រុស​ទី​ពីរ​ ប្អូន​ប្រុស​ទី​បី​ រហូត​ដល់​ប្អូន​ប្រុស​ទី​ប្រាំ​ពីរ​ក៏​ដូច​គ្នា​ដែរ‍។​

27 នៅ​ទី​បំផុត​ស្ដ្រី​នោះ​ក៏​ស្លាប់​ទៅ‍។​

28 ដូច្នេះ​ នៅ​ពេល​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នកណា​ក្នុង​ចំណោម​បងប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​នេះ?​ ដ្បិត​ពួកគេ​ទាំង​អស់​គ្នា​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ»​

29 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពួក​លោក​យល់​ច្រឡំ​ហើយ​ ព្រោះ​ពួក​លោក​មិន​យល់​បទគម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​

30 ដ្បិត​នៅ​ពេល​រស់​ឡើង​វិញ​ គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថានសួគ៌​វិញ​

31 ទាក់ទង​នឹង​ការ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ តើ​ពួក​លោក​មិន​បាន​អាន​ទេ​ឬ​ អំពី​សេចក្តី​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​ពួក​លោក​ថា​

32 យើង​ជា​ព្រះ​របស់​អ័បា្រហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប​ ដូច្នេះ​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ តែ​ជា​ព្រះ​របស់​មនុស្ស​រស់»។​

33 កាល​បណ្តាជន​ស្តាប់​ឮ​ដូច្នេះ​ ក៏​នឹក​អស្ចារ្យ​ពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ។​

34 ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ស្ងាត់​មាត់​ នោះ​ក៏​មក​ជួបជុំ​គ្នា​

35 ហើយ​មាន​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ជា​អ្នក​ជំនាញ​ច្បាប់​ បាន​សួរ​ល្បង​ព្រះអង្គ​ថា៖​

36 «លោកគ្រូ​ តើ​នៅ​ក្នុង​គម្ពីរ​វិន័យ​ បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?»​

37 ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ និង​អស់​ពី​គំនិត​របស់​អ្នក​

38 នេះ​ហើយ​ជា​បញ្ញត្ដិ​ទី​មួយ​ និង​សំខាន់​ជាង​គេ​

39 ឯ​បញ្ញត្ដិ​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ គឺ​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ជា​ខ្លួន​ឯង​

40 គម្ពីរ​វិន័យ​ និង​ពាក្យ​របស់​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ផ្អែក​លើ​បញ្ញត្ដិ​ទាំង​ពីរ​នេះ»។​

41 ហើយ​កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​កំពុង​ជួបជុំ​គ្នា​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ពួកគេ​

42 ថា៖​ «តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច​អំពី​ព្រះគិ្រស្ដ?​ តើ​ព្រះអង្គ​ជា​ពូជពង្ស​នរណា?»​ គេ​ទូល​ព្រះអង្គ​ថា៖​ «ជា​ពូជពង្ស​ដាវីឌ»​

43 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ដាវីឌ​ហៅ​ព្រះ​អង្គ​ ដោយ​ព្រះវិញ្ញាណ​ថា​ព្រះអម្ចាស់​ដូច្នេះ​ ដ្បិត​ដាវីឌ​ផ្ទាល់​និយាយ​ថា​

44 ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​ រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​

45 ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ព្រះអម្ចាស់​ តើ​ព្រះអង្គ​ជា​ពូជពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច​ទៅ?»​

46 គ្មាន​នរណា​អាច​ឆ្លើយ​នឹង​ព្រះយេស៊ូ​បាន​ឡើយ​ សូម្បី​តែ​មួយ​ម៉ាត់​ ហើយ​ក៏​គ្មាន​នរណា​ហ៊ាន​សួរ​ព្រះអង្គ​ទៀត​ដែរ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28