1 កាលព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ហើយបង្ហាញព្រះអង្គពីអគារព្រះវិហារ។
2 ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនឃើញរបស់ទាំងអស់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ថ្មដែលត្រួតលើគ្នានៅទីនេះនឹងត្រូវរើចោលគ្មានសល់ឡើយ»។
3 កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវ នោះពួកសិស្សបានចូលមកជិតព្រះអង្គដាច់ឡែកពីគេ ទូលសួរថា៖ «សូមប្រាប់យើងផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើទីសំគាល់នៃការមកដល់របស់លោក និងគ្រាចុងបញ្ចប់មានអ្វីខ្លះ?»
4 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាបានឡើយ
5 ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយថា ខ្ញុំនេះហើយជាព្រះគ្រិស្ដ ពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
6 អ្នករាល់គ្នានឹងឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ប៉ុន្ដែចូរប្រយ័ត្ន កុំជ្រួលច្របល់អី ព្រោះការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់ទេ
7 ដ្បិតជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានគ្រោះអត់ឃ្លាន និងការរញ្ជួយដីច្រើនកន្លែង
8 ទាំងអស់នេះជាការចាប់ផ្តើមនៃទុក្ខវេទនាដ៏សម្បើមដូចស្ដ្រីហៀបនឹងសម្រាលកូន
9 បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា រួចពួកគេនឹងសម្លាប់អ្នករាល់គ្នា ហើយជនជាតិទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ
10 នៅពេលនោះ មនុស្សជាច្រើននឹងជំពប់ដួល ពួកគេក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក។
11 អ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
12 ព្រោះតែសេចក្ដីទុច្ចរិតកើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ
13 តែអ្នកដែលស៊ូទ្រាំដល់ទីបំផុត អ្នកនោះនឹងទទួលបានសេចក្ដីសង្គ្រោះ។
14 ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។
15 ដូច្នេះ នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅទីបរិសុទ្ធ ដូចដែលបានថ្លែងទុកតាមរយៈលោកដានីយ៉ែល ជាអ្នកនាំព្រះបន្ទូល។ នោះចូរឲ្យអ្នកអានយល់ចុះ។
16 នៅពេលនោះ ចូរឲ្យពួកអ្នកនៅស្រុកយូដាភៀសខ្លួនទៅភ្នំចុះ
17 ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកក្រោមយករបស់របរពីក្នុងផ្ទះរបស់គាត់ឲ្យសោះ។
18 កុំឲ្យអ្នកនៅស្រែចម្ការបកក្រោយទៅយកអាវគាត់ឲ្យសោះ។
19 នៅគ្រានោះ ពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់។
20 ដូច្នេះ ចូរអធិស្ឋាន ដើម្បីកុំឲ្យការរត់គេចរបស់អ្នករាល់គ្នាកើតឡើងនៅរដូវរងា ឬថ្ងៃសប្ប័ទឡើយ
21 ពីព្រោះនៅពេលនោះ នឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីដើមកំណើតពិភពលោក រហូតមកដល់ពេលនេះ ហើយក៏នឹងមិនកើតឡើងទៀតដែរ
22 ហើយដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស
23 នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នករាល់គ្នាថា មើល៍នែ ព្រះគ្រិស្ដនៅទីនេះ ឬនៅទីនោះ ចូរកុំជឿឲ្យសោះ
24 ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយគេនឹងសំដែងទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោត សូម្បីអស់អ្នកដែលត្រូវបានជ្រើសរើស ប្រសិនបើអាចធ្វើបាននោះ។
25 មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុនរួចហើយ
26 ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា ព្រះអង្គនៅទីរហោឋាន នោះកុំចេញទៅឲ្យសោះ ឬថា មើល៍ ព្រះអង្គនៅក្នុងបន្ទប់ នោះកុំជឿឲ្យសោះ
27 ដ្បិតកូនមនុស្សនឹងមកដូចជាផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតដល់ទិសខាងលិច
28 ទីណាមានសាកសព សត្វត្មាតប្រមូលផ្ដុំគ្នានៅទីនោះ។
29 ប៉ុន្ដែនៅក្រោយគ្រាទុក្ខវេទនាទាំងនោះភ្លាម ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ។
30 នៅពេលនោះ ទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ឯកុលសម្ព័ន្ធទាំងអស់នៅលើផែនដីនឹងកាន់ទុក្ខ ហើយពួកគេនឹងឃើញកូនមនុស្សមក នៅលើពពកនាអាកាសប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។
31 លោកនឹងចាត់ពួកទេវតារបស់លោក ដោយសំឡេងត្រែលាន់រំពង ហើយពួកទេវតានឹងប្រមូលអស់អ្នក ដែលលោកបានជ្រើសរើសទាំងបួនទិស គឺពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាងទៀត។
32 ចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ហើយស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្ដៅជិតមកដល់ហើយ
33 ដូច្នេះ កាលណាអ្នករាល់គ្នាឃើញហេតុការណ៍ទាំងអស់នេះកើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ។
34 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន។
35 ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។
36 ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតាតែមួយអង្គគត់ គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រា
37 ដ្បិតនៅសម័យលោកណូអេមានកើតឡើងជាយ៉ាងណា កូនមនុស្សនឹងមកជាយ៉ាងនោះដែរ។
38 សម័យនោះ មុនមានទឹកជំនន់ ពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ
39 គឺពួកគេមិនបានដឹងទាល់តែសោះ រហូតដល់ទឹកជំនន់មកដល់ ក៏ហូរនាំអ្វីៗទាំងអស់ទៅ ឯការមកដល់របស់កូនមនុស្សក៏នឹងកើតឡើងជាយ៉ាងនោះដែរ។
40 នៅពេលនោះ បុរសពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ
41 ឯស្ដ្រីពីរនាក់កំពុងកិនស្រូវ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ។
42 ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
43 ចូរអ្នករាល់គ្នាដឹងការនេះចុះថា បើម្ចាស់ផ្ទះដឹងថា ចោរនឹងមកនៅពេលណាមួយ នោះគាត់មុខជាមិនដេកទេ ហើយមិនបណ្តោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ
44 ហេតុនេះហើយ ចូរអ្នករាល់គ្នាប្រុងប្រៀបដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា។
45 ដូច្នេះ តើអ្នកណាជាបាវបម្រើដ៏ស្មោះត្រង់ ហើយឆ្លាត ដែលចៅហ្វាយបានតែងតាំងឲ្យមើលខុសត្រូវលើបាវបម្រើនៅក្នុងផ្ទះ ដើម្បីចែកអាហារឲ្យពួកគេតាមពេលវេលា?
46 មានពរហើយ បាវបម្រើណាដែលចៅហ្វាយមកដល់ ហើយឃើញកំពុងធ្វើយ៉ាងដូច្នោះ
47 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងតែងតាំងអ្នកនោះឲ្យមើលខុសត្រូវលើទ្រព្យសម្បត្ដិរបស់គាត់ទាំងអស់
48 ប៉ុន្ដែប្រសិនបើបាវបម្រើនោះអាក្រក់វិញ នោះវាគិតក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកណាស់
49 នោះវាក៏ចាប់ផ្ដើមវាយបាវបម្រើឯទៀតៗជាគូកនរបស់វា ព្រមទាំងស៊ីផឹកជាមួយពួកអ្នកប្រមឹក
50 ហើយចៅហ្វាយរបស់វានឹងមកវិញនៅថ្ងៃដែលវាស្មានមិនដល់ និងនៅម៉ោងដែលវាមិនដឹងទាល់តែសោះ
51 ចៅហ្វាយនឹងកាត់វាជាពីរកំណាត់ រួចដាក់វាឲ្យនៅរួមជាមួយនឹងពួកមនុស្សមានពុត ហើយនៅទីនោះមានតែការទ្រហោយំ និងការសង្កៀតធ្មេញ។