1 នៅគ្រានោះ ពួកសិស្សបានចូលមកជិតព្រះយេស៊ូទូលថា៖ «ដូច្នេះ តើអ្នកធំជាងគេក្នុងនគរស្ថានសួគ៌ជានរណា?»
2 ព្រះអង្គក៏ហៅក្មេងម្នាក់ ហើយដាក់ក្មេងនោះនៅចំកណ្ដាលពួកគេ
3 រួចមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដ និងត្រលប់ដូចជាកូនក្មេងទេនោះ អ្នករាល់គ្នាមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានជាដាច់ខាត
4 ដូច្នេះឋ អ្នកណាបន្ទាបខ្លួនដូចក្មេងនេះឋ អ្នកនោះជាអ្នកធំជាងគេនៅក្នុងនគរស្ថានសួគ៌
5 ហើយបើអ្នកណាទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំហើយ
6 ប៉ុន្ដែបើអ្នកណាបណ្ដាលឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកដែលជឿខ្ញុំទាំងនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនដោយសត្វលា មកចងនឹងករបស់អ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរជាង
7 វេទនាដល់មនុស្សលោក ដោយព្រោះតែសេចក្ដីដែលបណ្ដាលឲ្យជំពប់ដួល ដ្បិតសេចក្ដីនោះត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់មនុស្សណាដែលនាំឲ្យកើតមានសេចក្ដីនោះ
8 ប្រសិនបើដៃ ឬជើងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតបើអ្នកចូលទៅក្នុងជីវិតអស់កល្បដោយកំបុតដៃម្ខាង ឬកំបុតជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬជើងពីរ ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច
9 ប្រសិនបើភ្នែករបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញពីអ្នក ហើយបោះចោលទៅ ដ្បិតបើអ្នកចូលក្នុងជីវិតអស់កល្បដោយមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកទាំងសងខាង ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងនរក។
10 ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឲ្យសោះ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅឯស្ថានសួគ៌ទេវតារបស់ពួកគេតែងតែឃើញព្រះភក្ដ្រព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
11 ដ្បិតកូនមនុស្សបានមក ដើម្បីសង្គ្រោះអ្នកដែលវង្វេង
12 តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេច? បើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ រួចទៅតាមរកចៀមមួយដែលវង្វេងនោះទេឬ?
13 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគាត់រកចៀមនោះឃើញវិញ គាត់ត្រេកអរចំពោះចៀមនោះជាងចៀមកៅសិបប្រាំបួនដែលមិនវង្វេងនោះទៅទៀត។
14 ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ក៏ដូច្នោះដែរ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះត្រូវវិនាសឡើយ។
15 បើបងប្អូនរបស់អ្នកប្រព្រឹត្តបាបចំពោះអ្នក ចូរទៅប្រាប់គាត់អំពីកំហុសនោះក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្ដាប់អ្នក អ្នកនឹងចំណេញបានបងប្អូនរបស់អ្នកមកវិញ
16 ប៉ុន្ដែបើគាត់មិនព្រមស្ដាប់ ចូរអ្នកនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យមានសាក្សីពីរ បីនាក់បញ្ជាក់ផ្ទាល់មាត់ពីពាក្យសំដីទាំងឡាយនោះ។
17 បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទៀត ចូរប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬអ្នកទារពន្ធដារចុះ។
18 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីក៏ដោយដែលអ្នករាល់គ្នាចងនៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នករាល់គ្នាស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ
19 ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើពីរនាក់ក្នុងចំណោមអ្នករាល់គ្នាព្រមព្រៀងគ្នាអំពីអ្វីក៏ដោយ ដែលពួកគេនឹងទូលសុំនៅលើផែនដីនេះ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងឲ្យពួកគេបានសម្រេចជាមិនខាន
20 ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នានៅក្នុងឈ្មោះខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ»។
21 បន្ទាប់មក លោកពេត្រុសបានចូលមកជិតព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! បើបងប្អូនរបស់ខ្ញុំប្រព្រឹត្តបាបចំពោះខ្ញុំ តើឲ្យខ្ញុំលើកលែងទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»
22 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំមិនប្រាប់អ្នកថា ត្រឹមតែប្រាំពីរដងទេ ប៉ុន្ដែគឺរហូតដល់ប្រាំពីរចិតសិបដងវិញ។
23 ហេតុនេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដេចមួយអង្គ ដែលចង់ទូទាត់បញ្ជីជាមួយពួកបាវបម្រើ
24 កាលស្ដេចចាប់ផ្ដើមទូទាត់ នោះគេនាំកូនបំណុលម្នាក់ដែលជំពាក់មួយម៉ឺនឋាឡាន់មក
25 ប៉ុន្ដែដោយព្រោះអ្នកនោះគ្មានអ្វីសង ស្ដេចក៏បញ្ជាឲ្យលក់គាត់ និងប្រពន្ធកូនរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន ដើម្បីសងបំណុល
26 បាវបម្រើនោះក៏ក្រាបថ្វាយបង្គំស្ដេច ទូលថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្វីៗទាំងអស់ដល់ព្រះអង្គវិញ។
27 ដោយមានសេចក្ដីអាណិតអាសូរដល់បាវបម្រើនោះ ស្ដេចក៏លែងគាត់ ព្រមទាំងលុបបំណុលទាំងឡាយចោលទាំងអស់។
28 ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក!
29 បាវបម្រើជាគូកននោះបានក្រាបចុះ អង្វរគាត់ថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្នកវិញ
30 ប៉ុន្ដែគាត់មិនព្រមទេ បែរជាយកអ្នកនោះទៅដាក់គុក រហូតដល់សងអ្វីៗដែលជំពាក់នោះអស់។
31 នៅពេលបាវបម្រើជាគូកនផ្សេងទៀត បានឃើញហេតុការណ៍ដែលកើតឡើង ក៏មិនសប្បាយចិត្ដជាខ្លាំង ហើយមករៀបរាប់ប្រាប់ស្ដេចអំពីហេតុការណ៍ទាំងអស់ដែលបានកើតឡើង។
32 ស្ដេចក៏ហៅអ្នកនោះមក រួចមានបន្ទូលទៅគាត់ថា នែ៎ បាវបម្រើអាក្រក់អើយ! ខ្ញុំបានលុបបំណុលទាំងឡាយរបស់អ្នកចោលទាំងអស់ ដោយព្រោះអ្នកបានអង្វរខ្ញុំ។
33 តើអ្នកក៏មិនគួរមេត្ដាដល់បាវបម្រើជាគូកនរបស់អ្នក ដូចជាយើងបានមេត្ដាដល់អ្នកដែរទេឬ?
34 ស្ដេចខឹងបាវបម្រើនោះណាស់ ក៏ប្រគល់គាត់ឲ្យទៅអ្នកធ្វើទារុណកម្ម រហូតដល់គាត់សងអ្វីៗដែលជំពាក់នោះអស់។
35 បើម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាមិនលើកលែងទោសដល់បងប្អូនរបស់ខ្លួនដោយអស់ពីចិត្ដទេ ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងធ្វើចំពោះអ្នករាល់គ្នាយ៉ាងដូច្នោះដែរ»។