1 ពេលនោះ ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យមកពីក្រុងយេរូសាឡិម បានចូលមកជិតព្រះយេស៊ូ ទូលថា៖
2 «ហេតុអ្វីបានជាពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់ចាស់បុរាណដូច្នេះ? ដ្បិតនៅពេលបរិភោគអាហារ ពួកគេមិនលាងដៃទេ»
3 ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើហេតុអ្វីបានជាអ្នករាល់គ្នាបំពានបញ្ញត្ដិរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា?
4 ដ្បិតព្រះជាម្ចាស់មានបន្ទូលថា ចូរគោរពឪពុកម្ដាយ ហើយអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់។
5 ប៉ុន្ដែអ្នករាល់គ្នានិយាយថា អ្នកណាក៏ដោយដែលនិយាយនឹងឪពុក ឬម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុក ឬអ្នកម្ដាយនោះ ជាតង្វាយថ្វាយព្រះជាម្ចាស់
6 អ្នកនោះមិនបាច់គោរពឪពុកឡើយ ដូច្នេះអ្នករាល់គ្នាបំបាត់តម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា
7 មនុស្សមានពុតអើយ! លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នានោះត្រឹមត្រូវណាស់ ដែលថា
8 ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់។
9 ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង»។
10 ព្រះអង្គក៏ហៅបណ្ដាជន ហើយមានបន្ទូលទៅពួកគេថា៖ «ចូរស្ដាប់ ហើយយល់ចុះ
11 អ្វីដែលចូលតាមមាត់ មិនធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធទេ ផ្ទុយទៅវិញអ្វីដែលចេញពីមាត់ទេតើ ដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ»។
12 ពួកសិស្សចូលមកជិតព្រះអង្គ ទូលថា៖ «តើលោកគ្រូជ្រាបដែរឬទេថា ពួកអ្នកខាងគណៈផារិស៊ីទាស់ចិត្ដណាស់ ពេលឮពាក្យនេះ?»
13 តែព្រះអង្គមានបន្ទូលឆ្លើយថា៖ «រុក្ខជាតិទាំងឡាយណាដែលព្រះវរបិតារបស់ខ្ញុំគង់នៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចោល
14 ដូច្នេះ បណ្ដោយតាមពួកគេចុះ ពួកគេជាមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ នោះទាំងពីរនាក់មុខជាធ្លាក់រណ្ដៅមិនខាន»
15 លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបប្រដូចនេះដល់យើងខ្ញុំផង»
16 ព្រះអង្គមានបន្ទូលថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ដែរឬ?
17 តើអ្នករាល់គ្នាមិនដឹងទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ទៅក្នុងពោះ ហើយបញ្ចេញទៅក្នុងបង្គន់ទេឬ?
18 ប៉ុន្ដែអ្វីៗដែលចេញពីមាត់ គឺចេញមកពីចិត្ដ សេចក្ដីនោះឯងដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
19 ដ្បិតគំនិតអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួចប្លន់ ការជេរប្រមាថ និងការធ្វើបន្ទាល់ក្លែងក្លាយសុទ្ធតែចេញមកពីចិត្ដ
20 គឺសេចក្ដីទាំងនោះហើយដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ ប៉ុន្ដែការបរិភោគដោយមិនបានលាងដៃ មិនធ្វើឲ្យមនុស្សមិនបរិសុទ្ធឡើយ»។
21 ព្រះយេស៊ូបានយាងចេញពីទីនោះឆ្ពោះទៅកាន់តំបន់ក្រុងទីរ៉ុស និងក្រុងស៊ីដូន។
22 នោះមានស្ដ្រីជនជាតិកាណានម្នាក់ ដែលរស់នៅតំបន់នោះបានចេញមក ស្រែកថា៖ «លោកម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាខ្ញុំផង! កូនស្រីរបស់ខ្ញុំត្រូវអារក្សចូល ធ្វើទុក្ខខ្លាំងណាស់»
23 ប៉ុន្ដែព្រះអង្គមិនបានឆ្លើយនឹងនាងមួយម៉ាត់ឡើយ ហើយពួកសិស្សរបស់ព្រះអង្គបានចូលមកជិតទូលសុំព្រះអង្គថា៖ «សូមឲ្យនាងចេញទៅ ព្រោះនាងចេះតែស្រែកពីក្រោយយើង»
24 ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «ព្រះជាម្ចាស់បានឲ្យខ្ញុំមកឯប្រជាជនអ៊ីស្រាអែល ដែលជាចៀមវង្វេងរបស់ព្រះអង្គប៉ុណ្ណោះ»
25 ប៉ុន្ដែនាងចូលមកថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! សូមជួយខ្ញុំផង»
26 ព្រះអង្គមានបន្ទូលឆ្លើយថា៖ «មិនគួរយកអាហាររបស់កូនបោះឲ្យឆ្កែទេ»
27 ប៉ុន្ដែនាងទូលថា៖ «ចាស លោកម្ចាស់ សូម្បីតែឆ្កែក៏ស៊ីកម្ទេចអាហារដែលជ្រុះពីតុម្ចាស់វាដែរ»
28 ព្រះយេស៊ូមានបន្ទូលឆ្លើយនឹងនាងថា៖ «ឱនាងអើយ! អ្នកមានជំនឿខ្លាំងមែន ចូរឲ្យបានសម្រេចដូចអ្នកប្រាថ្នាចុះ» កូនស្រីរបស់នាងក៏បានជាសះស្បើយពីពេលនោះមក។
29 ព្រះយេស៊ូបានយាងចេញពីទីនោះ ហើយធ្វើដំណើរតាមមាត់បឹងកាលីឡេ បន្ទាប់មក ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយនៅទីនោះ។
30 បណ្ដាជនច្រើនកុះករបានចូលមកជិតព្រះអង្គ មានទាំងមនុស្សខ្វិន ខ្វាក់ ពិការ គ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយនឹងពួកគេដែរ។ ពួកគេបានផ្ដេកអ្នកទាំងនោះនៅទៀបបាទាព្រះអង្គ ហើយព្រះអង្គក៏ប្រោសអ្នកជំងឺទាំងនោះឲ្យជាសះស្បើយ។
31 កាលឃើញមនុស្សគនិយាយ មនុស្សពិការជាសះស្បើយ មនុស្សខ្វិនដើរ មនុស្សខ្វាក់មើលឃើញដូច្នេះ បណ្ដាជនក៏នឹកអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះរបស់អ៊ីស្រាអែល។
32 ព្រះយេស៊ូបានហៅពួកសិស្សរបស់ព្រះអង្គមក ហើយមានបន្ទូលថា៖ «ខ្ញុំអាណិតបណ្ដាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ ខ្ញុំមិនចង់បញ្ចូនពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេអស់កម្លាំងតាមផ្លូវ»
33 នោះពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោឋានដូច្នេះ តើយើងរកនំប៉័ងមកពីណាឲ្យបានច្រើន ដើម្បីចម្អែតបណ្ដាជនដ៏សន្ធឹកបែបនេះ?»
34 ព្រះយេស៊ូសួរពួកសិស្សថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» ពួកសិស្សទូលថា៖ «មានប្រាំពីរដុំ និងត្រីខ្លះដែរ»
35 កាលបង្គាប់បណ្ដាជនឲ្យអង្គុយលើដីហើយ
36 ព្រះអង្គយកនំប៉័ងប្រាំពីរដុំ និងត្រីទាំងនោះមក អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យបណ្ដាជន។
37 គ្រប់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ រួចគេប្រមូលចំណិតនំប៉័ងនៅសល់ បានប្រាំពីរកន្ដ្រកពេញ។
38 អ្នកដែលបានបរិភោគមានបុរសបួនពាន់នាក់ មិនរាប់ស្ដ្រី និងកូនក្មេងទេ។
39 ពេលរំសាយបណ្ដាជនរួចហើយ ព្រះអង្គក៏ចុះទូកឆ្ពោះទៅតំបន់ក្រុងម៉ាកាដាន់។