1 ពេលព្រះអង្គយាងចុះពីភ្នំមក បណ្ដាជនច្រើនកុះករបានដើរតាមព្រះអង្គ
2 នោះមានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គ និងទូលថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។
3 ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ដោយមានបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យជាស្អាតចុះ» ភ្លាមនោះ គាត់ក៏បានជាស្អាតពីជំងឺឃ្លង់តែម្ដង។
4 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំប្រាប់រឿងនេះដល់អ្នកណាឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយថ្វាយតង្វាយដែលលោកម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់មនុស្សទាំងឡាយ»។
5 កាលព្រះអង្គយាងចូលក្នុងក្រុងកាពើណិម មាននាយទាហានម្នាក់បានចូលមកជិតព្រះអង្គ អង្វរថា៖
6 «លោកម្ចាស់អើយ! បាវបម្រើខ្ញុំស្លាប់ដៃជើង ដេកនៅផ្ទះ វេទនាណាស់»
7 ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅប្រោសគាត់ឲ្យជា»
8 នាយទាហាននោះទូលវិញថា៖ «លោកម្ចាស់អើយ! ខ្ញុំមិនស័ក្តិសមឲ្យលោកមកក្នុងផ្ទះរបស់ខ្ញុំទេ គឺសូមលោកគ្រាន់តែនិយាយពាក្យមួយម៉ាត់ប៉ុណ្ណោះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន
9 ដ្បិតខ្ញុំជាមនុស្សម្នាក់ស្ថិតនៅក្រោមសិទ្ធិអំណាចដែរ ខ្ញុំមានទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំ បើខ្ញុំប្រាប់ម្នាក់នេះឲ្យទៅ គេនឹងទៅ ប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក ហើយប្រាប់បាវបម្រើរបស់ខ្ញុំឲ្យធ្វើការនេះ គេក៏ធ្វើ»។
10 កាលស្ដាប់ឮដូច្នេះ ព្រះយេស៊ូស្ងើចសរសើរ រួចមានបន្ទូលទៅពួកអ្នកកំពុងដើរតាមថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះទេ
11 ហើយខ្ញុំបា្រប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិចមកអង្គុយនៅតុអាហារជាមួយលោកអ័បា្រហាំ លោកអ៊ីសាក និងលោកយ៉ាកុបនៅនគរស្ថានសួគ៌។
12 ឯមនុស្សនៃនគរនោះ នឹងត្រូវបោះទៅខាងក្រៅ ក្នុងសេចក្ដីងងឹតដែលមានតែការទ្រហោយំ និងការសង្កៀតធ្មេញនៅទីនោះ»។
13 ព្រះយេស៊ូក៏មានបន្ទូលទៅនាយទាហាននោះថា៖ «ចូរទៅចុះ សូមឲ្យបានសម្រេចដូចដែលលោកជឿ» ឯបាវបម្រើរបស់គាត់ក៏បានជានៅវេលានោះឯង។
14 កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះលោកពេត្រុស ព្រះអង្គបានទតឃើញម្ដាយក្មេករបស់គាត់កំពុងដេកគ្រុន
15 ព្រះអង្គពាល់ដៃគាត់ គាត់ក៏បានជាពីគ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
16 នៅល្ងាចនោះ គេបាននាំមនុស្សជាច្រើនដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គបានបណ្ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ព្រមទាំងប្រោសអ្នកជំងឺឲ្យបានជាទាំងអស់គ្នា
17 ដើម្បីឲ្យបានសម្រេចសេចក្ដីដែលថ្លែងទុកមកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា «ព្រះអង្គបានទទួលយកជំងឺ ហើយផ្ទុកយកគ្រប់រោគារបស់យើង»។
18 ពេលព្រះយេស៊ូទតឃើញមនុស្សកុះករនៅជុំវិញព្រះអង្គ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យឆ្លងទៅត្រើយម្ខាងទៀត។
19 មានគ្រូវិន័យម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ ខ្ញុំនឹងដើរតាមលោក ទោះលោកទៅទីណាក៏ដោយ»។
20 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក តែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»
21 សិស្សរបស់ព្រះអង្គម្នាក់ទៀតបានទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុករបស់ខ្ញុំជាមុនសិន»
22 ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ»។
23 ព្រះអង្គបានយាងចុះទូក ហើយសិស្សរបស់ព្រះអង្គបានតាមព្រះអង្គ។
24 ពេលនោះ កើតមានព្យុះមួយយ៉ាងធំនៅលើបឹង ហើយរលកបានបោកបក់គ្របលើទូក ប៉ុន្ដែព្រះអង្គកំពុងលង់លក់ក្នុងដំណេក
25 គេបានចូលមកជិតព្រះអង្គ ដាស់ថា៖ «ព្រះអម្ចាស់! ជួយផង យើងកំពុងវិនាសហើយ!»
26 ព្រះអង្គមានបន្ទូលទៅគេថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» ព្រះអង្គក៏ក្រោកឡើង ស្ដីបន្ទោសខ្យល់ និងរលក នោះបឹងក៏មានភាពស្ងប់ឈឹងវិញ។
27 ពួកគេនឹកអស្ចារ្យ ទាំងនិយាយថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! សូម្បីតែខ្យល់ និងរលកក៏ស្ដាប់បង្គាប់លោក»។
28 កាលព្រះអង្គយាងមកដល់ត្រើយម្ខាង ជាតំបន់របស់ពួកគេរ៉ាស៊ីន នោះមានបុរសពីរនាក់ដែលមានអារក្សចូលបានចេញពីផ្នូរខ្មោចមកជួបព្រះអង្គ ពួកវាកាចសាហាវណាស់ ដូច្នេះហើយបានជាគ្មានអ្នកណាអាចឆ្លងកាត់តាមផ្លូវនោះបានឡើយ
29 ពួកវាស្រែកឡើងថា៖ «ឱព្រះរាជបុត្រារបស់ព្រះជាម្ចាស់អើយ! តើយើង និងព្រះអង្គមានហេតុអ្វីនឹងគ្នា? តើព្រះអង្គមកទីនេះ ដើម្បីធ្វើទោសយើងមុនពេលកំណត់ឬ?»
30 នៅមិនឆ្ងាយពីទីនោះប៉ុន្មាន មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណី
31 ពេលនោះ ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើព្រះអង្គបណ្ដេញយើង សូមបញ្ជូនយើងទៅក្នុងហ្វូងជ្រូកនោះចុះ»
32 ព្រះអង្គក៏មានបន្ទូលទៅពួកវាថា៖ «ចេញទៅ!» ពួកវាក៏ចេញ ហើយចូលទៅក្នុងហ្វូងជ្រូកនោះ។ ហ្វូងជ្រូកបានបោលចុះចំណោតចូលទៅក្នុងបឹង ហើយស្លាប់ក្នុងទឹកអស់ទៅ។
33 ពួកអ្នកចិញ្ចឹមជ្រូកបានរត់គេចចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់គេអំពីហេតុការណ៍ទាំងអស់ និងហេតុការណ៍អំពីបុរសដែលមានអារក្សចូលផងដែរ
34 ពួកអ្នកក្រុងទាំងអស់បានចេញមកជួបព្រះយេស៊ូ ពេលឃើញព្រះអង្គ ពួកគេបានអង្វរព្រះអង្គឲ្យចាកចេញពីស្រុករបស់ពួកគេ។