1 បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅបណ្ដាជន និងពួកសិស្សរបស់ព្រះអង្គ
2 ថា៖ «ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី បានអង្គុយនៅកន្លែងរបស់លោកម៉ូសេ
3 ដូច្នេះ អ្វីៗទាំងអស់ដែលពួកគេប្រាប់អ្នករាល់គ្នា ចូរធ្វើ និងកាន់តាមចុះ ប៉ុន្ដែកុំត្រាប់តាមការប្រព្រឹត្ដិរបស់ពួកគេឡើយ ពីព្រោះពួកគេបានតែនិយាយ ប៉ុន្ដែមិនធ្វើទេ
4 ពួកគេចងបន្ទុកដែលធ្ងន់ និងពិបាកធ្វើតាម ដាក់លើស្មាមនុស្ស តែពួកគេមិនព្រមយកម្រាមដៃរបស់ពួកគេដកបន្ទុកទាំងនោះទេ
5 ហើយគ្រប់ការទាំងអស់ដែលពួកគេធ្វើ គឺដើម្បីឲ្យមនុស្សឃើញតែប៉ុណ្ណោះ គឺពួកគេបានពង្រីកស្លាកដែលពួកគេពាក់កាន់តែធំឡើងៗ ឯរំយោលអាវវិញកាន់តែវែងទៅៗដែរ។
6 ពួកគេចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសនៅក្នុងពិធីជប់លៀង
7 ពួកគេចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន និងឲ្យមនុស្សហៅពួកគេថាលោកគ្រូ
8 ប៉ុន្ដែចំពោះអ្នករាល់គ្នាវិញ កុំឲ្យគេហៅថា គ្រូ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា
9 កុំហៅនរណាម្នាក់នៅលើផែនដីនេះថាជាឪពុករបស់អ្នករាល់គ្នា ព្រោះឪពុករបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺនៅស្ថានសួគ៌
10 ហើយក៏កុំឲ្យគេហៅថាម្ចាស់ដែរ ដ្បិតម្ចាស់របស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រិស្ដ
11 អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នានឹងត្រលប់ជាអ្នកបម្រើអ្នករាល់គ្នាវិញ
12 ព្រោះអ្នកណាលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួននឹងត្រូវលើកតម្កើងវិញ។
13 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបានបិទនគរស្ថានសួគ៌នៅចំពោះមុខមនុស្ស អ្នករាល់គ្នាមិនចូលទេ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលកំពុងចូលនោះចូលទៀតផង។
14 វេទនាដល់អ្នករាល់គ្នា ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ ហេតុនេះអ្នករាល់គ្នានឹងត្រូវទទួលទោសធ្ងន់ធ្ងរជាងគេ។
15 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ដើម្បីធ្វើឲ្យមនុស្សម្នាក់ត្រលប់ជាអ្នកកាន់សាសនា រួចពេលគេត្រលប់ជាអ្នកកាន់សាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេត្រលប់ជាអ្នកធ្លាក់នរក លើសអ្នករាល់គ្នាទ្វេដង
16 វេទនាដល់អ្នករាល់គ្នាហើយ អ្នកនាំផ្លូវកង្វាក់អើយ! ដ្បិតអ្នករាល់គ្នានិយាយថា អ្នកណាស្បថនឹងព្រះវិហារ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថហើយ។
17 មនុស្សកង្វាក់ល្ងង់អើយ! តើមួយណាវិសេសជាង ជាមាស ឬជាព្រះវិហារ ដែលធ្វើឲ្យមាសទៅជាបរិសុទ្ធ?
18 ហើយថា អ្នកណាស្បថនឹងកន្លែងថ្វាយតង្វាយ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងតង្វាយលើកន្លែងថ្វាយតង្វាយ អ្នកនោះជាប់សម្បថហើយ
19 មនុស្សកង្វាក់អើយ! តើមួយណាវិសេសជាង ជាតង្វាយ ឬកន្លែងថ្វាយតង្វាយ ដែលធ្វើឲ្យតង្វាយទៅជាបរិសុទ្ធ?
20 ដូច្នេះ អ្នកដែលស្បថនឹងកន្លែងថ្វាយតង្វាយ គឺស្បថនឹងកន្លែងថ្វាយតង្វាយ ព្រមទាំងរបស់ទាំងអស់នៅលើនោះហើយ
21 ឯអ្នកដែលស្បថនឹងព្រះវិហារ គឺស្បថនឹងព្រះវិហារ ព្រមទាំងព្រះអង្គដែលគង់ក្នុងនោះហើយ
22 អ្នកណាស្បថនឹងស្ថានសួគ៌ គឺស្បថនឹងបល្ល័ង្កព្រះជាម្ចាស់ ព្រមទាំងព្រះអង្គដែលគង់នៅលើនោះហើយ។
23 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ទាំងជីរអង្កាម ជីរនាងវង និងម្អម ប៉ុន្ដែអ្នករាល់គ្នាធ្វេសប្រហែសនឹងភាពសំខាន់ជាងនេះនៅក្នុងគម្ពីរវិន័យ គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងជំនឿ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីទាំងនេះដែរ។
24 អ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាស្រង់មូស ប៉ុន្ដែលេបអូដ្ឋទៅវិញ។
25 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសំអាតពែង និងចានដែលនៅខាងក្រៅ ឯខាងក្នុងវិញពេញដោយការលោភលន់ និងការបណ្ដោយតាមតណ្ហារបស់ខ្លួន
26 ពួកអ្នកខាងគណៈផារិស៊ីដ៏កង្វាក់អើយ! ចូរសំអាតខាងក្នុងពែងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។
27 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរដែលលាបពណ៌សពីខាងក្រៅ មើលទៅពិតជាស្អាតមែន ប៉ុន្ដែខាងក្នុងពេញដោយឆ្អឹងខ្មោច និងភាពស្មោកគ្រោកគ្រប់បែបយ៉ាង
28 ហើយអ្នករាល់គ្នាក៏ដូច្នោះដែរ នៅចំពោះមុខមនុស្សមើលទៅសុចរិតពីខាងក្រៅមែន ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាពេញដោយពុតត្បុត និងសេចក្តីទុច្ចរិត។
29 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសង់ផ្នូររបស់អ្នកនាំព្រះបន្ទូល រួចតុបតែងស្ដូបរបស់ពួកមនុស្សសុចរិត
30 ហើយនិយាយថា ប្រសិនបើយើងបាននៅជំនាន់ដូនតារបស់យើង នោះយើងមិនរួមគំនិតជាមួយពួកគាត់ សម្លាប់ពួកអ្នកនាំព្រះបន្ទូលទេ
31 ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងហើយថា អ្នករាល់គ្នាជាកូនចៅពួកអ្នកដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល
32 ចូរអ្នករាល់គ្នាសម្រេចអ្វីៗដែលដូនតារបស់អ្នករាល់គ្នាបានធ្វើចុះ។
33 ឱពួកពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការជំនុំជម្រះឲ្យធ្លាក់នរកយ៉ាងដូចម្ដេចបាន?
34 ហេតុនេះហើយ ខ្ញុំចាត់ពួកអ្នកនាំព្រះបន្ទូល ពួកអ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមកឯអ្នករាល់គ្នា ប៉ុន្ដែអ្នកខ្លះត្រូវអ្នករាល់គ្នាសម្លាប់ និងឆ្កាង ហើយអ្នកខ្លះទៀតត្រូវអ្នករាល់គ្នាវាយនឹងខ្សែតីនៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងបៀតបៀនពួកគេ ពីក្រុងមួយដល់ក្រុងមួយ។
35 ដូច្នេះ ឈាមរបស់មនុស្សសុចរិតទាំងអស់ដែលត្រូវបានកម្ចាយនៅលើផែនដីនេះមុខជាធ្លាក់មកលើអ្នករាល់គ្នាមិនខាន ចាប់ពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់ឈាមរបស់លោកសាការី ជាកូនរបស់លោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះព្រះវិហារ និងកន្លែងថ្វាយតង្វាយ។
36 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា សេចក្ដីទាំងអស់នេះនឹងធ្លាក់មកលើមនុស្សជំនាន់នេះ។
37 ឱក្រុងយេរូសាឡិម ក្រុងយេរូសាឡិមដែលបានសម្លាប់អ្នកនាំព្រះបន្ទូល និងបានគប់ដុំថ្មទៅលើពួកអ្នកដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វាមកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ
38 មើល៍ ផ្ទះរបស់អ្នករាល់គ្នាត្រូវបានទុកចោលស្ងាត់ជ្រងំ
39 ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេចាប់ពីពេលនេះតទៅ រហូតទាល់តែអ្នករាល់គ្នានិយាយថា សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់»។