ម៉ាថាយ 19 KCB

1 កាល​ព្រះយេស៊ូ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ចប់​ហើយ​ ព្រះអង្គ​បាន​យាង​ចេញ​ពី​ស្រុក​កាលីឡេ​ រួច​បាន​មក​ដល់​តំបន់​ស្រុក​យូដា​ នៅ​ឯ​ត្រើយ​នាយ​អូរ​យ័រដាន់​

2 នោះ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​មក​តាម​ព្រះអង្គ​ ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យ​បាន​ជា​នៅ​ទី​នោះ។​

3 ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចូល​មក​ជិត​ល្បងល​ព្រះអង្គ​ ដោយ​ទូល​សួរ​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ដែរ​ឬ​ទេ​ បើ​បុរស​លែង​ប្រពន្ធ​ដោយ​ហេតុ​ផល​ណា​ក៏​ដោយ​នោះ?»​

4 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​ទេ​ឬ​ថា​ ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​ជា​ប្រុស​ ជា​ស្រី​តាំង​ពី​ដើម​ដំបូង​មក?»​

5 ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ដោយ​ហេតុ​នេះ​បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ ហើយ​ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​ រួច​អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​សាច់​តែ​មួយ​

6 ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ​ ប៉ុន្ដែ​ជា​សាច់​តែ​មួយ​វិញ​ ហើយ​មិន​ត្រូវ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ»​

7 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «បើ​ដូច្នោះ​ ហេតុអ្វី​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង​លះ​ រួច​ឲ្យ​លែង​ប្រពន្ធ​ដូច្នេះ?»។​

8 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ដោយ​ព្រោះតែ​ចិត្ដ​រឹង​រូស​របស់​អ្នក​រាល់គ្នា​ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់គ្នា​លែង​ប្រពន្ធ​ ទោះ​ជា​ពី​ដើម​ដំបូង​មិន​មាន​ដូច្នេះ​ក្ដី​

9 ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ រួច​រៀបការ​មួយ​ទៀត​ នោះ​គឺ​ផិតក្បត់​ហើយ»។​

10 ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​ថា៖​ «បើ​រវាង​ប្ដី​ប្រពន្ធ​ក្នុង​ករណី​បែប​នេះ​ នោះ​មិន​រៀបការ​ប្រសើរ​ជាង»​

11 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មិន​មែន​មនុស្ស​គ្រប់​រូប​អាច​ទទួល​យក​ពាក្យ​នេះ​បាន​ទេ​ លើកលែង​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ប៉ុណ្ណោះ​

12 ដ្បិត​មនុស្ស​ខ្លះ​ជា​មនុស្ស​កម្រៀវ​តាំង​ពី​កំណើត​មក​ និង​អ្នក​ផ្សេង​ទៀត​ ជា​មនុស្ស​កម្រៀវ​ដោយសារ​គេ​ក្រៀវ​ ហើយ​ក៏​មាន​មនុស្ស​កម្រៀវ​ដែល​ក្រៀវ​ខ្លួន​ឯង​ដោយ​ព្រោះ​តែ​នគរ​ស្ថានសួគ៌។​ ដូច្នេះ​ អ្នក​ដែល​អាច​ទទួល​យក​បាន​ ចូរ​ទទួល​យក​ចុះ‍»។​

13 បន្ទាប់​មក​ គេ​នាំ​ក្មេងៗ​មក‍​ឯ​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ពួកវា​ និង​អធិស្ឋាន​ឲ្យ​ ប៉ុន្ដែ​ពួក​សិស្ស​បាន​ស្ដី​បន្ទោស​ពួកគេ។​

14 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេងៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេងៗ​ទាំង​នេះ​ឯង‍»​

15 កាល​ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ក្មេងៗ​រួច​ហើយ​ ក៏​យាង​ចេញ​ពី​ទីនោះ​ទៅ។​

16 មើល៍​ មាន​បុរស​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «លោកគ្រូ​ តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ​អ្វី​ខ្លះ​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជិវិត​អស់កល្ប​ជានិច្ច?»​

17 ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អំពើ​ល្អ​ គឺ​មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត​អស់កល្ប​នោះ​ ចូរ​ធ្វើ​តាម​បញ្ញត្ដិ​ចុះ»​

18 គាត់​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​បញ្ញត្ដិ​មួយ​ណា?»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​សម្លាប់​មនុស្ស​ កុំ​ផិតក្បត់​ កុំ​លួច​ កុំ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​

19 ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក​ ហើយ​ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ខ្លួន​ឯង»​

20 កំលោះ​នោះ​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​តាម​សេចក្ដី​ទាំង​នេះ​អស់​ហើយ​ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?»​

21 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​ឲ្យ​អ្នក​ក្រ​ចុះ​ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថានសួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»។​

22 ប៉ុន្ដែ​ពេល​កំលោះ​នោះ​ឮ​ព្រះបន្ទូល​នេះ​ ក៏​ចាក​ចេញ​ទៅ​ទាំង​សោកសៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។​

23 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ណាស់​

24 ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ទៀត​ថា​ សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ស្រួល​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅ​ទៀត»​

25 ពេល​ពួក​សិស្ស​ឮ​ហើយ​ ក៏​នឹក​ឆ្ងល់​ជា​ខ្លាំង​ ទាំង​និយាយ​ថា៖​ «បើ​ដូច្នេះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​

26 ពេល​ព្រះយេស៊ូ​ទត​ទៅ​ពួកគេ​ នោះ​ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​វិញ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។​

27 បន្ទាប់​មក​ លោក​ពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖​ «មើល៍!​ យើង​បាន​លះបង់​អ្វីៗ​ទាំងអស់​ ហើយ​ដើរ​តាម​លោក។​ តើ​យើង​នឹង​បាន​អ្វី​ទៅ?»​

28 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​សករាជ​ថ្មី​ ពេល​កូន​មនុស្ស​អង្គុយ​នៅ​លើ​បល្ល័ង្ក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​របស់​លោក​ នោះ​អ្នក​រាល់គ្នា​ដែល​បាន​ដើរ​តាម​ខ្ញុំ​នឹង​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​ដប់​ពីរ​ ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​អ៊ីស្រាអែល​ដែរ​

29 ឯ​អស់​អ្នក​ដែល​លះបង់​ផ្ទះ​សម្បែង​ បងប្អូន​ប្រុស​ស្រី​ ឪពុក​ ម្ដាយ​ កូន​ ឬ​ស្រែ​ចម្ការ​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ នោះ​នឹង​ទទួល​បាន​វិញ​មួយ​ជា​មួយ​រយ​ ទាំង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ ជា​មរតក​ទៀត​ផង។​

30 មនុស្ស​ជា​ច្រើន​ដែល​នៅ​មុខ​គេនឹង​ត្រលប់​ជា​នៅ​ក្រោយ​បង្អស់​ ឯ​អ្នក​នៅ​ក្រោយ​បង្អស់​នឹង​នៅ​មុខ​គេ​វិញ។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28