1 កាលព្រះយេស៊ូបង្គាប់សិស្សទាំងដប់ពីរចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅបង្រៀន និងប្រកាសនៅក្នុងក្រុងនានារបស់ពួកគេ។
2 ឯលោកយ៉ូហានដែលនៅក្នុងគុក កាលបានឮពីកិច្ចការទាំងឡាយដែលព្រះគ្រិស្ដបានធ្វើ ក៏ចាត់សិស្សរបស់គាត់ឲ្យមកទូលសួរព្រះអង្គថា៖
3 «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងត្រូវទន្ទឹងចាំព្រះមួយអង្គទៀត?»
4 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្ដាប់ឮ និងមើលឃើញចុះ
5 គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានស្ដាប់ឮ ឯមនុស្សស្លាប់បានរស់វិញ ហើយអ្នកក្របានឮដំណឹងល្អ។
6 អ្នកដែលមិនរវាតចិត្តពីខ្ញុំមានពរហើយ»។
7 ពេលអ្នកទាំងនេះចាកចេញ ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោឋាន? មើលដើមត្រែងដែលត្រូវខ្យល់បក់ឬ?
8 តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? មើលបុរសម្នាក់ ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់ស្អាតប្រណិត គឺនៅក្នុងដំណាក់ស្ដេចឯណោះ។
9 ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត
10 ដ្បិតអ្នកនេះហើយ ដែលមានសេចក្ដីចែងទុកអំពីគាត់ថា មើល៍! យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដែលជាអ្នករៀបចំដំណើររបស់អ្នកជាមុន
11 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរស្ថានសួគ៌វិសេសជាងគាត់ទៅទៀត។
12 ប៉ុន្ដែចាប់តាំងពីគ្រាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកមកទល់ពេលនេះ មានគេខំប្រឹងចាប់យកនគរស្ថានសួគ៌ ហើយអ្នកខំប្រឹងខ្នះខ្នែង ចាប់យកនគរនោះបាន
13 ដ្បិតអ្នកនាំព្រះបន្ទូល និងគម្ពីរវិន័យទាំងអស់បានថ្លែងទុកអំពីការនេះ រហូតដល់ជំនាន់លោកយ៉ូហាន
14 ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ គឺលោកហើយ ជាលោកអេលីយ៉ាដែលត្រូវមក។
15 អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។
16 តើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាក្មេងៗដែលអង្គុយនៅផ្សារ ស្រែកទៅក្មេងឯទៀត
17 ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ
18 ដ្បិតលោកយ៉ូហានបានមកទាំងមិនបរិភោគមិនផឹក ប៉ុន្ដែគេនិយាយថា លោកមានអារក្សចូល
19 ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
20 បន្ទាប់មក ព្រះអង្គក៏ចាប់ផ្ដើមបន្ទោសដល់ក្រុងនានា ដែលព្រះអង្គបានសំដែងការអស្ចារ្យជាច្រើន ដោយព្រោះពួកគេមិនបានប្រែចិត្ត។
21 «វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន។
22 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន មុខជាងាយទ្រាំជាងអ្នករាល់គ្នា
23 ក្រុងកាពើណិមអើយ! តើអ្នកផ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរក ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នក កើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះនឹងគង់វង្សរហូតដល់ថ្ងៃនេះជាមិនខាន
24 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមងាយទ្រាំជាងអ្នកផង»។
25 បន្ទាប់ពីមានបន្ទូលឆ្លើយនៅពេលនោះហើយ ព្រះយេស៊ូមានបន្ទូលថា៖ «ឱព្រះវរបិតាជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ! ខ្ញុំសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីមនុស្សមានប្រាជ្ញា និងមនុស្សឈ្លាសវៃ ប៉ុន្ដែបើកសំដែងដល់ទារកវិញ
26 មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យនឹងការបែបនេះណាស់។
27 ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ ក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យបើកសំដែងឲ្យស្គាល់តែប៉ុណ្ណោះ។
28 អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាសម្រាក
29 ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង
30 ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាលដែរ»។