ម៉ាថាយ 16 KCB

1 ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​មក​ល្បងល​ព្រះអង្គ​ ពួកគេ​សុំ​ព្រះអង្គ​ឲ្យ​បង្ហាញ​ទីសំគាល់​មួយ​ពី​ស្ថានសួគ៌​ដល់​ពួកគេ​

2 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពេល​ល្ងាច​ អ្នក​រាល់គ្នា​និយាយ​ថា​ ធាតុ​អាកាស​ល្អ​ ព្រោះ​មេឃ​ពណ៌​ក្រហម‍។​

3 ដល់​ព្រឹក​ឡើង​ក៏​និយាយ​ថា​ ថ្ងៃ​នេះ​ធាតុ​អាកាស​មិន​ល្អ​ទេ​ ព្រោះ​មេឃ​ក្រហម​មាន​ពពក​ច្រើន‍។​ អ្នក​រាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​មេឃ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​អាច​ស្គាល់​ទីសំគាល់​នា​សម័យ​នេះ​បាន​ឡើយ‍។​

4 ជំនាន់​មនុស្ស​ដ៏​អាក្រក់​ និង​ផិតក្បត់​ស្វែង​រក​ទីសំគាល់​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅពី​ទីសំគាល់​របស់​លោក​យ៉ូណាស់»​ រួច​ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​ពួកគេ​ទៅ។​

5 ពេល​ពួក​សិស្ស​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ពួកគេ​ភ្លេច​យក​នំប៉័ង។​

6 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី»​

7 នោះ​ពួក​សិស្ស​ក៏​សួរ​ដេញ​ដោល​គ្នា​ថា៖​ «ព្រោះ​តែ​យើង​មិន​បាន​យក​នំប៉័ង​មក​ទេ​ដឹង»។​

8 កាល​ព្រះយេស៊ូ​ជ្រាប​ហើយ​ក៏​មាន​បន្ទូល​ថា៖​ «ឱ​អ្នក​មាន​ជំនឿ​តិច​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​សួរ​ដេញ​ដោល​គ្នា​អំពី​ការ​ដែល​អ្នក​រាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ?​

9 តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​យល់​ ឬ​ក៏​មិន​ចាំ​ពី​នំប៉័ង​ប្រាំ​ដុំ​សម្រាប់​មនុស្ស​ប្រាំ​ពាន់​នាក់​ទេ​ឬ?​ តើ​អ្នក​រាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក?​

10 ចុះ​នំប៉័ង​ប្រាំ​ពីរ​ដុំ​សម្រាប់​មនុស្ស​បួនពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ដ្រក?​

11 តើ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​មិន​យល់​ដូច្នេះ​ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់គ្នា​អំពី​នំប៉័ង​ទេ​ គឺ​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ទេតើ»។​

12 បន្ទាប់​មក​ ទើប​ពួកគេ​យល់​ថា​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​ទេ​ ប៉ុន្ដែ​គឺ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​វិញ។​

13 កាល​ព្រះយេស៊ូ​យាង​មក​ដល់​តំបន់​ក្រុង​សេសារា​ភីលីព​ ព្រះអង្គ​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ទាំងឡាយ​និយាយ​ថា​ កូនមនុស្ស​ជា​អ្នកណា?»​

14 ពួកគេ​ទូល​ថា៖​ «អ្នក​ខ្លះ​ថា​ លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ទៀត​ថា​ លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​ លោក​យេរេមា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់»​

15 ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ថា​ ខ្ញុំ​ជា​អ្នកណា​ដែរ‍?»​

16 លោក​ស៊ីម៉ូន​ពេត្រុស​ទូល​តប​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់»​

17 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មាន​ពរ​ហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ!​ ដ្បិត​សាច់​ឈាម​មិន​បាន​បើក​សំដែង​សេចក្ដី​នេះ​ដល់​អ្នក​ទេ​ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​

18 ហើយ​ខ្ញុំ​ក៏​ប្រាប់​អ្នក​ដែរ​ថា​ អ្នក​ឈ្មោះ​ពេត្រុស​ ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ​ ឯ​ទ្វារ​ស្ថាន​នរក​មិន​ឈ្នះ​ក្រុមជំនុំ​នេះ​ឡើយ​

19 ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក​ ហើយ​បើ​អ្នក​ចង​អ្វី​នៅ​លើ​ផែនដី​ នោះ​នឹង​ចង​នៅ​ស្ថានសួគ៌​ដែរ​ រួច​បើ​អ្នក​ស្រាយ​អ្វី​នៅ​លើ​ផែនដី​ នោះ​នឹង​ស្រាយ​នៅ​ឯ​ស្ថានសួគ៌​ដែរ‍»។​

20 បន្ទាប់​មក​ ព្រះអង្គ​បាន​បង្គាប់​ដល់​ពួក​សិស្ស​ មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ម្នាក់​ថា​ព្រះអង្គ​ជា​ព្រះគ្រិស្ដ​ទេ‍។​

21 ចាប់​តាំង​ពី​ពេល​នោះ​មក​ ព្រះយេស៊ូ​ចាប់​ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​ត្រូវ​តែ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ពី​ពួក​ចាស់ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ រួច​ត្រូវ​គេ​សម្លាប់​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​

22 លោក​ពេត្រុស​នាំ​ព្រះអង្គ​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ រួច​ក៏​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ‍!​ សូម​មេត្ដា​អាណិត​ផង​ចុះ​ ការ​នេះ​នឹង​មិន​កើត​ឡើង​ចំពោះ​ព្រះអង្គ​ជា​ដាច់​ខាត»​

23 ប៉ុន្ដែ​ព្រះអង្គ​បាន​បែរ​មក​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ទៅ​ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះជាម្ចាស់​ទេ​ គឺ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ»។​

24 បន្ទាប់​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះបង​ខ្លួង​ឯង​ ហើយ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ចុះ​

25 ដ្បិត​អ្នកណា​ដែល​ចង់​រក្សា​ជីវិត​របស់​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​

26 បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភពលោក​ទាំង​មូល​ ប៉ុន្ដែ​បាត់​បង់​ជីវិត​របស់​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​ តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?​

27 ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​

28 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​កំពុង​ឈរ​នៅ​ទី​នេះ​ នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ឡើយ​ លុះត្រា​តែ​ឃើញ​កូនមនុស្ស​មក​ជាមួយ​នគរ​របស់​លោក»។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28