ម៉ាថាយ 26 KCB

1 កាល​ព្រះយេស៊ូ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំង​អស់​នេះ​ហើយ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​

2 «អ្នក​រាល់គ្នា​ដឹង​ថា​ ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ហើយ​ ឯ​កូន​មនុស្ស​វិញ​ ក៏​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ជាប់​ឆ្កាង​ដែរ»។​

3 នៅ​ពេល​នោះ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​សម្ដេច​សង្ឃ​ម្នាក់​ឈ្មោះ​កៃផា​

4 ពួកគេ​បាន​ពិភាក្សា​គ្នា​ ដើម្បី​ចាប់​ព្រះយេស៊ូ​ដោយ​ឧបាយ​កល​ រួច​សម្លាប់​ព្រះអង្គ​

5 ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖​ «កុំ​ធ្វើ​នៅ​ក្នុង​ពេល​បុណ្យ​អី​ ក្រែង​លោ​កើត​មាន​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។​

6 ពេល​ព្រះយេស៊ូ​កំពុង​គង់​នៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ ជា​មនុស្ស​ឃ្លង់​នៅ​ក្រុង​បេថានី​

7 នោះ​ស្ដ្រី​ម្នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ ដោយ​មាន​កាន់​ប្រេង​ក្រអូប​មួយ​ដប​ដ៏​មាន​តម្លៃ​បំផុត​ផង។​ នាង​ក៏​ចាក់​ប្រេង​ក្រអូប​នោះ​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ពេល​ព្រះអង្គ​កំពុង​អង្គុយ​នៅ​តុ​អាហារ។​

8 ពេល​ពួក​សិស្ស​ឃើញ​ដូច្នេះ​ ក៏​និយាយ​ទាំង​ខឹង​ថា៖​ «ម្ដេច​បង្ហិន​ដូច្នេះ?​

9 ដ្បិត​ប្រេង​នេះ​អាច​លក់​បាន​ថ្លៃ​ ហើយ​អាច​ចែក​ទានដល់​អ្នក​ក្រ​បាន»។​

10 កាល​ព្រះយេស៊ូ​ជ្រាប​ហើយ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​អ្នក​រាល់គ្នា​បង្ក​រឿង​នឹង​ស្ដ្រី​នេះ​ដូច្នេះ?​ គឺ​នាង​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​ដល់​ខ្ញុំ។​

11 ដ្បិត​អ្នក​ក្រ​តែង​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច ឯ​ខ្ញុំ​វិញ​ មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​រហូត​ទេ​

12 ប៉ុន្ដែ​ស្ដ្រី​នេះ​បាន​ចាក់​ប្រេង​ក្រអូប​នេះ​លើ​ខ្លួន​ខ្ញុំ​ ដើម្បី​រៀបចំ​បញ្ចុះ​សព​របស់​ខ្ញុំ​

13 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ នៅ​ទីណា​ក៏​ដោយ​ដែល​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏​និយាយ​អំពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ ដើម្បី​ជា​ការ​រំលឹក​ដល់​នាង»។​

14 នៅ​ពេល​នោះ​ សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ ឈ្មោះ​ យូដាស​អ៊ីស្ការីយ៉ុត​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​

15 ប្រាប់​ថា៖​ «ខ្ញុំ​នឹង​ប្រគល់​គាត់​ឲ្យ​ពួក​លោក​ តើ​ពួក​លោក​នឹង​ឲ្យ​អ្វី​ខ្ញុំ?»​ ពួកគេ​ក៏​ឲ្យ​គាត់​សាមសិប​កាក់​ប្រាក់។​

16 តាំង​ពី​ពេល​នោះ​មក​ គាត់​ក៏​រក​ឱកាស​ដើម្បី​ប្រគល់​ព្រះអង្គ​ឲ្យ​ពួកគេ។​

17 នៅ​ថ្ងៃ​ទី​មួយ​នៃ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ ទូល​សួរ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​ឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅ​ទី​ណា?»​

18 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​ឯ​បុរស​ម្នាក់​នៅ​ក្នុង​ក្រុង​ ហើយ​ប្រាប់​គាត់​ថា​ លោកគ្រូ​និយាយ​ថា​ ពេល​កំណត់​របស់​ខ្ញុំ​ជិត​ដល់​ហើយ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជាមួយ​ពួក​សិស្ស​របស់​ខ្ញុំ​នៅ​កន្លែង​អ្នក»។​

19 ពួក​សិស្ស​ក៏​ធ្វើ​ដូច​ដែល​ព្រះយេស៊ូ​បាន​បង្គាប់​ ហើយ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។​

20 លុះ​ដល់​ពេល​ល្ងាច​ ព្រះអង្គ​ក៏​បាន​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​សាវក​ទាំង​ដប់​ពីរ​

21 ហើយ​ពេល​ពួកគេ​កំពុង​បរិភោគ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។​

22 ពួក​សិស្ស​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះអង្គ​ម្នាក់​ម្ដងៗ​ថា៖​ «ព្រះអម្ចាស់​អើយ!​ មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​

23 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួក​គេ​ថា៖​ «គឺ​អ្នក​ដែល​យក​ដៃ​ជ្រលក់​ក្នុង​ចាន​ជាមួយ​ខ្ញុំ​ អ្នក​នោះ​ហើយ​នឹង​ក្បត់​ខ្ញុំ​

24 ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូច​ដែល​មាន​ចែង​អំពី​លោក​មែន​ ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​ក្បត់​កូន​មនុស្ស​ ហើយ​ជា​ការ​ប្រសើរ​ជាង​ បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ»​

25 នោះ​យូដាស​ ជា​អ្នក​ក្បត់​ព្រះអង្គ​ បាន​ទូល​តប​ថា៖​ «លោកគ្រូ​ មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​និយាយ​ត្រូវ​ហើយ»។​

26 កាល​ពួកគេ​កំពុង​បរិភោគ​ នោះ​ព្រះយេស៊ូ​បាន​យក​នំប៉័ង​មក​ឲ្យ​ពរ​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ ហើយ​បរិភោគ​ចុះ​ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»​

27 បន្ទាប់​មក​ ព្រះអង្គ​យក​ពែង​មក​អរព្រះគុណ​ ហើយ​ឲ្យ​ពែង​នោះ​ដល់​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​អ្នក​ទាំង​អស់គ្នា​ផឹក​ពី​ពែងនេះ​ចុះ​

28 ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​ ដើម្បី​លើកលែង​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។​

29 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំង​បាយជូរ​ទៀត​ទេ​ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី​ជាមួយ​អ្នក​រាល់គ្នា​ នៅ​ក្នុង​នគរ​ព្រះវរបិតា​របស់​ខ្ញុំ»។​

30 ក្រោយ​ពី​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​រួច​ ពួកគេ​ក៏​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។​

31 ក្រោយ​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «យប់​នេះ​ ដោយ​ព្រោះ​ខ្ញុំ​ អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់​ដួល​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ យើង​នឹង​វាយ​អ្នក​គង្វាល​ ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​

32 ប៉ុន្ដែ​បន្ទាប់​ពី​ខ្ញុំ​រស់​ឡើង​វិញ​ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា»។​

33 លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ទោះ​ជា​មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​

34 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ នៅ​យប់​នេះ​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​

35 នោះ​លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖​ «ទោះបី​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​លោក​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​បដិសេធ​លោក​ជា​ដាច់​ខាត»។​ ពួក​សិស្ស​ទាំង​អស់​គ្នា​ក៏​និយាយ​ដូច្នោះ​ដែរ។​

36 ក្រោយ​មក​ ព្រះយេស៊ូ​ជាមួយ​ពួក​សិស្ស​បាន​មក​ដល់​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​ថា​ សួន​គែតសេ​ម៉ានី​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «ចូរ​អង្គុយ​នៅទីនេះ​ចុះ​ នៅ​ពេល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ទី​នោះ»។​

37 ព្រះអង្គ​យក​លោក​ពេត្រុស​ និង​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​សេបេដេ​ទៅ​ជាមួយ​ ហើយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ទុក្ខ​ព្រួយ​ និង​ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង។​

38 ព្រះអង្គ​មាន​បន្ទូល​ទៅ​អ្នក​ទាំង​បី​នោះ​ថា៖​ «ខ្ញុំ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់​ ស្ទើរ​ស្លាប់​ទៅ​ហើយ​ ចូរ​នៅ​ទី​នេះ​ជាមួយ​ខ្ញុំ​ ហើយ​ប្រុង​ស្មារតី​ឡើង»។​

39 កាល​យាង​ទៅ​មុខ​បាន​បន្ដិច​ ព្រះអង្គ​ក៏​ក្រាប​ផ្កាប់​មុខ​ចុះ​ ហើយ​អធិស្ឋាន​ថា៖​ «ឱ​ព្រះវរបិតា​របស់​ខ្ញុំ​អើយ!​ ប្រសិន​បើ​អាច​ សូម​ឲ្យ​ពែង​នេះ​រំលង​ផុត​ពី​ខ្ញុំ​ទៅ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​ គឺ​តាម​បំណង​របស់​ព្រះអង្គ​វិញ»​

40 រួច​ព្រះអង្គ​យាង​មក​ឯ​ពួក​សិស្ស​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​អស់​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «តើ​ពួក​អ្នក​ទ្រាំ​នៅ​ជាមួយ​ខ្ញុំ​ដោយ​មិន​ដេក​តែ​មួយ​ម៉ោង​មិន​បានទេ​ឬ?​

41 ចូរ​ប្រុង​ស្មារតី​ឡើង​ ហើយ​អធិស្ឋាន​ចុះ​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​ ដ្បិត​វិញ្ញាណ​ប្រុងប្រៀប​ជា​ស្រេច​មែន​ ប៉ុន្ដែ​រូប​កាយ​ខ្សោយ​ទេ»។​

42 ព្រះអង្គ​ក៏​យាង​ទៅ​ម្ដង​ទៀត​ ហើយ​អធិស្ឋាន​ជា​លើក​ទី​ពីរ​ថា៖​ «ឱ​ព្រះវរបិតា​របស់​ខ្ញុំ​អើយ!​ ប្រសិន​បើ​ខ្ញុំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ​ដោយ​ចៀស​ពុំ​រួច​មែន​ សូម​ឲ្យ​សម្រេច​តាម​បំណង​ព្រះអង្គ​ចុះ»​

43 ពេល​ព្រះអង្គ​យាង​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​ទៀត​ ព្រោះ​ពួកគេ​បើក​ភ្នែក​មិន​រួច​

44 ព្រះអង្គ​ក៏​យាង​ចេញ​ពី​ពួកគេ​ម្ដង​ទៀត​ ហើយ​មាន​បន្ទូល​អធិស្ឋាន​ជា​លើក​ទី​បី​តាម​ពាក្យ​ដដែល។​

45 ក្រោយ​មក​ ព្រះអង្គ​ក៏​យាង​មក​ឯ​ពួក​សិស្ស​វិញ​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​នៅ​ដេក​ និង​សម្រាក​ដល់​ពេល​ណា​ទៀត​ មើល៍​ ជិត​ដល់​ពេល​កំណត់​ហើយ​ កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​ពួក​មនុស្ស​បាប​

46 ចូរ​ក្រោក​ឡើង​ យើង​នាំ​គ្នា​ទៅ​ មើល៍​ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។​

47 កាល​ព្រះអង្គ​កំពុង​មាន​បន្ទូល​នៅ​ឡើយ​ នោះ​យូដាស​ ជា​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ក៏​មក​ដល់​ ហើយ​មាន​បណ្ដាជន​ជា​ច្រើន​ប្រដាប់​ដោយ​ដាវ​ និង​ដំបង​មក​ជាមួយ​គាត់​ដែរ​ អ្នក​ទាំង​នោះ​មក​ពី​ខាង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន។​

48 អ្នក​ក្បត់​ព្រះអង្គ​ម្នាក់​នោះ​បាន​ឲ្យ​សញ្ញា​ដល់​ពួកគេ​ ដោយ​និយាយ​ថា៖​ «ខ្ញុំ​ថើប​អ្នកណា​ គឺ​អ្នក​នោះ​ហើយ​ ចូរ​ចាប់​គាត់​ចុះ»​

49 គាត់​ចូល​មក​ជិត​ព្រះយេស៊ូ​ភ្លាម​ ហើយ​ទូល​ថា៖​ «ជម្រាប​សួរ​លោកគ្រូ»​ រួច​ក៏​ថើប​ព្រះអង្គ។​

50 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សម្លាញ់​អើយ!​ អ្នក​មក​ដើម្បី​អ្វី​ ចូរ​ធ្វើ​ចុះ»​ បន្ទាប់​មក​ ពួកគេ​ក៏​ចូល​មក​ជិត​ ហើយ​លូក​ដៃ​ចាប់​ព្រះយេស៊ូ​

51 នោះ​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយ​ព្រះយេស៊ូ​ បាន​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន​ កាប់​ដាច់​ត្រចៀក​បាវបម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​

52 ពេល​នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទុក​ដាវ​របស់​អ្នក​ទៅ​ក្នុង​កន្លែង​របស់​វា​វិញ​ទៅ​ ដ្បិត​អស់​អ្នក​ដែល​រើស​យក​ដាវ​ នឹង​ស្លាប់​ដោយ​ដាវ​

53 ឬ​មួយ​អ្នក​គិត​ថា​ នៅ​ពេល​នេះ​ ខ្ញុំ​មិន​អាច​សុំ​ព្រះវរបិតា​របស់​ខ្ញុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ពួក​ទេវតា​លើស​ពី​ដប់ពីរ​កង​ដល់​ខ្ញុំ​បាន​ទេ​ឬ?​

54 បើ​ធ្វើ​ដូច្នេះ​ តើ​បទ​គម្ពីរ​ដែល​ចែង​ថា​ ត្រូវ​តែ​កើត​ឡើង​ដូច្នេះ​ នឹង​អាច​សម្រេច​បាន​យ៉ាង​ដូច​ម្ដេច?»​

55 នៅ​ពេល​នោះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​បណ្ដាជន​ថា៖​ «តើ​អ្នក​រាល់គ្នា​មក​ត​ទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​ និង​ដំបង​ដូច្នេះ?​ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​រាល់​ថ្ងៃ​ នោះ​អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​

56 ប៉ុន្ដែ​ការ​ទាំង​អស់​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល»។​ ពេល​នោះ​ ពួក​សិស្ស​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​ទាំង​អស់​គ្នា។​

57 ពួក​អ្នក​ដែល​ចាប់​ព្រះយេស៊ូ​ក៏​នាំ​ព្រះអង្គ​ទៅ​ឯ​សម្ដេច​សង្ឃ​កៃផា​ ជា​កន្លែង​ដែល​ពួក​គ្រូវិន័យ​ និង​ពួក​ចាស់ទុំ​បាន​ជួបជុំ​គ្នា។​

58 លោក​ពេត្រុស​បាន​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ​ រហូត​ដល់​ក្នុង​ផ្ទះ​របស់​សម្ដេច​សង្ឃ​ ហើយ​បាន​ចូល​ទៅ​អង្គុយ​ជា​មួយ​ពួក​អ្នកបម្រើ​ការ​នៅ​ខាង​ក្នុង​ ដើម្បី​មើល​លទ្ធផល។​

59 ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​បឹ្រក្សា​កំពូល​ទាំង​មូល​បាន​រក​ភស្តុតាង​ក្លែងក្លាយ​ប្រឆាំង​ព្រះយេស៊ូ​ ដើម្បី​អាច​សម្លាប់​ព្រះអង្គ​បាន​

60 ប៉ុន្ដែ​ពួកគេ​រក​មិន​បាន​សោះ​ ទោះ​បី​មាន​សាក្សី​ក្លែងក្លាយ​ជា​ច្រើន​បាន​ចូល​មក​ក៏​ដោយ។​ នៅ​ទី​បំផុត​ ក៏​មាន​ពីរ​នាក់​បាន​ចូល​មក​

61 និយាយ​ថា៖​ «ម្នាក់​នេះ​បាន​និយាយ​ថា​ ខ្ញុំ​អាច​បំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​បាន​ ហើយ​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»។​

62 សម្ដេច​សង្ឃ​ក៏​ក្រោក​ឈរ​ឡើង​ និយាយ​ទៅ​ព្រះអង្គ​ថា៖​ «តើ​អ្នក​គ្មាន​ចម្លើយ​អ្វី​សម្រាប់​ការ​ដែល​អ្នក​ទាំង​នេះ​បាន​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»​

63 ព្រះយេស៊ូ​នៅ​ស្ងៀម​ សម្ដេច​សង្ឃ​ក៏​និយាយ​ទៅ​ព្រះអង្គ​ទៀត​ថា៖​ «ខ្ញុំ​សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ចូរ​អ្នក​ប្រាប់​យើង​មក​ តើ​អ្នក​ជា​ព្រះគ្រិស្ដ​ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?»​

64 នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ​ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»។​

65 ពេល​នោះ​ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា៖​ «វា​ប្រមាថ​ព្រះជាម្ចាស់​ហើយ​ តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើ​អ្វី​ទៀត?​ ពេល​នេះ​ អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​

66 តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពួកគេ​តប​វិញ​ថា៖​ «វា​សម​តែ​ស្លាប់»​

67 បន្ទាប់មក​ ពួកគេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះភក្ដ្រ​ព្រះអង្គ​ ដាល់​ព្រះអង្គ​ ហើយ​ទះ​កំផ្លៀង​ព្រះអង្គ​

68 ទាំង​និយាយ​ថា៖​ «ព្រះគ្រិស្ដ​អើយ!​ ទាយ​ប្រាប់​យើង​មើល៍​ តើ​អ្នកណា​វាយ​ឯង?»​

69 ពេល​លោក​ពេត្រុស​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ​ផ្ទះ​ មាន​ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ស្រុក​កាលីឡេ​ដែរ»​

70 ប៉ុន្ដែ​លោក​ពេត្រុស​បដិសេធ​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​គ្នា​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ អ្នក​កំពុង​និយាយ​អំពី​អ្វី​ទេ»។​

71 ពេល​ចេញ​ទៅ​ក្រៅ​ដល់​មាត់​ទ្វារ​ មាន​ស្រី​ម្នាក់​ទៀត​បាន​ឃើញ​គាត់​ ក៏​ប្រាប់​ពួក​អ្នក​នៅ​ទី​នោះ​ថា៖​ «ម្នាក់​នេះ​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែរ»​

72 នោះ​លោក​ពេត្រុស​បាន​បដិសេធ​ដោយ​ស្បថ​ម្ដង​ទៀត​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ»​

73 បន្តិច​ក្រោយ​មក​ ពួក​អ្នក​កំពុង​ឈរ​ ក៏​ចូល​មក​ជិត​លោក​ពេត្រុស​ និយាយ​ថា៖​ «ប្រាកដ​ណាស់​ អ្នក​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ​ ព្រោះ​សូម្បីតែ​សម្លេង​របស់​អ្នក​ក៏​បញ្ជាក់​ច្បាស់​ដែរ»​

74 ពេល​នោះ​ លោក​ពេត្រុស​ក៏​ចាប់​ផ្ដើម​ប្រមាថ​ ទាំង​ស្បថ​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ»​ ស្រាប់​តែ​មាន់​រងាវ​ឡើង។​

75 លោក​ពេត្រុស​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​មាន​បន្ទូល​ថា​ «មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង»។​ គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28