ម៉ាថាយ 12 KCB

1 នៅ​គ្រា​នោះ​ ព្រះយេស៊ូ​បាន​យាង​កាត់​វាល​ស្រែ​នៅ​ថ្ងៃ​សប្ប័ទ​ ពេល​នោះ​ ពួក​សិស្ស​របស់​ព្រះអង្គ​ឃ្លាន​ ពួកគេ​ក៏​ចាប់​ផ្ដើម​បូត​កួរ​ស្រូវ​មក​បរិភោគ។​

2 ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​ដូច្នេះ​ ក៏​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​វិន័យ​បាន​ហាម​នៅ​ថ្ងៃ​សប្ប័ទ»​

3 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​ និង​គូ​កន​របស់​ស្ដេច​បាន​ធ្វើ​ នៅ​ពេល​ដែល​ស្ដេច​ឃ្លាន​ទេ​ឬ?​

4 គឺ​ស្ដេច​បាន​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ ហើយ​បរិភោគ​នំប៉័ង​តាំង​ថ្វាយ​ព្រះជាម្ចាស់​ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​ស្ដេច​ និង​គូ​កន​បរិភោគ​ឡើយ​ លើកលែង​តែ​សង្ឃ​ប៉ុណ្ណោះ។​

5 តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​គម្ពីរ​វិន័យ​ទេ​ឬ?​ គឺ​នៅ​ថ្ងៃ​សប្ប័ទ​ សង្ឃ​ក្នុង​ព្រះ​វិហារ​ដែល​បំពាន​វិន័យ​ថ្ងៃ​សប្ប័ទ​ គ្មាន​ទោស​ទេ​

6 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ម្នាក់​ដែល​វិសេស​ជាង​ព្រះ​វិហារ​ គឺ​នៅ​ទីនេះ​ស្រាប់​ហើយ។​

7 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​យល់​អត្ថន័យ​នៃ​សេចក្ដី​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ថ្កោល​ទោស​អ្នក​គ្មាន​ទោស​ទេ​

8 ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។​

9 ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ​ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ‍។​

10 ពេលនោះ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​នៅ​ទី​នោះ​ ហើយ​គេ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ‍?‍»​ គេ​សួរ​បែប​នេះ​ គឺ​ដើម្បី​ឲ្យ​គេ​អាច​ចោទប្រកាន់​ព្រះអង្គ​បាន។​

11 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «បើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចៀម​មួយ​ក្បាល​ ហើយ​ចៀម​នោះ​ធ្លាក់​ក្នុង​រណ្ដៅ​នៅ​ថ្ងៃ​សប្ប័ទ​ តើ​អ្នក​នោះ​មិន​ស្រង់​វា​ចេញ​ពី​រណ្ដៅ​នោះ​ទេ​ឬ?​

12 ឯ​មនុស្ស​មាន​តម្លៃ​លើស​ចៀម​មួយ​ក្បាល​ទៅ​ទៀត​ ហេតុនេះ​វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ»​

13 បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​នោះ​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត‍។​

14 ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ ហើយ​ពិគ្រោះ​គ្នា​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​

15 កាល​ព្រះយេស៊ូ​ជ្រាប​ពី​ការ​នេះ​ ក៏​យាង​ចេញ​ពី​ទី​នោះ​ ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ។​ ព្រះអង្គ​បាន​ប្រោស​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បាន​ជា​

16 ហើយ​ព្រះអង្គ​បាន​ហាម​ពួកគេ​ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​អ្នកណា​ទេ​

17 ដើម្បី​ឲ្យ​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា៖​

18 «មើល៍​ អ្នកបម្រើ​ដែល​យើង​ជ្រើស​រើស​ ជា​អ្នក​ជា​ទី​ស្រឡាញ់​ដែល​យើង​ពេញ​ចិត្ត​ យើង​នឹង​ដាក់​វិញ្ញាណ​យើង​សណ្ឋិត​លើ​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​ប្រកាស​យុត្តិធម៌​ដល់​ជាតិ​សាសន៍​នានា​

19 ព្រះអង្គ​មិន​ឈ្លោះ​ប្រកែក​ ឬ​ស្រែក​ក្ដែងៗ​ទេ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​ឮ​សម្រែក​ព្រះអង្គ​នៅ​តាម​ផ្លូវ​ឡើយ​

20 ព្រះអង្គ​មិន​កាច់​ដើម​ត្រែង​ណា​ដែល​ហៀប​នឹង​បាក់​ ហើយ​ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​នៅ​ហុយ​ដែរ​ រហូត​ដល់​ព្រះអង្គ​នាំ​យុត្តិធម៌​ឲ្យ​មាន​ជ័យ​ជម្នះ​

21 ហើយ​គ្រប់​ជន​ជាតិ​នឹង​សង្ឃឹម​លើ​ព្រះនាម​ព្រះអង្គ»។​

22 បន្ទាប់​មក​ គេ​បាន​នាំ​មនុស្ស​ខ្វាក់​ភ្នែក​ ហើយ​គ​ ដោយសារ​តែ​មាន​អារក្ស​ចូល​មក​ឯ​ព្រះអង្គ​ រួច​ព្រះអង្គ​បាន​ប្រោស​គាត់​ឲ្យ​ជា‍។​ ដូច្នេះ​ គាត់​ក៏​និយាយ​រួច​ ហើយ​មើល​ឃើញ​បាន​ផង។​

23 បណ្ដាជន​ទាំង​អស់​បាន​នឹក​អស្ចារ្យ​ ហើយ​និយាយ​ថា៖​ «តើ​លោក​នេះ​ជា​ពូជពង្ស​ស្ដេច​ដាវីឌ​មែន​ឬ?»​

24 ប៉ុន្ដែ​ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​បាន​ដូច្នេះ​ គឺ​ដោយសារ​បេលសេប៊ូល​ ជា​មេ​អារក្ស​ទេ​តើ»។​

25 ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ដឹង​ពី​គំនិត​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ណា​បែកបាក់​គ្នា​ នោះ​វិនាស​ហើយ​ ហើយ​ក្រុង​ ឬ​គ្រួសារ​ណា​បែកបាក់​គ្នា​ នោះ​មិន​នៅ​ស្ថិតស្ថេរ​ទេ​

26 បើ​អារក្ស​សាតាំង​បណ្ដេញ​អារក្ស​សាតាំង​ នោះ​ពួកវា​បែកបាក់​គ្នា​ហើយ​ តើ​នគរ​របស់​ពួកវា​នៅ​ស្ថិតស្ថេរ​យ៉ាង​ដូច​ម្ដេច​ទៅ?​

27 ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ ពួកគេ​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា។​

28 ប៉ុន្ដែ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ ដោយសារ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ នោះ​នគរ​ព្រះជាម្ចាស់​បាន​មក​ដល់​អ្នក​រាល់គ្នា​ហើយ។​

29 តើ​អ្នកណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ ហើយ​ប្លន់​យក​ទ្រព្យ​របស់​ពី​ផ្ទះ​គាត់​បាន​យ៉ាង​ដូច​ម្ដេច?​ លើកលែង​តែ​ចង​មនុស្ស​ខ្លាំង​នោះ​ជា​មុន​សិន​ ទើប​អាច​ប្លន់​ផ្ទះ​គាត់​បាន។​

30 អ្នក​ដែល​មិន​នៅ​ខាង​ខ្ញុំ​ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ​ អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ​ អ្នក​នោះ​កំចាត់​កំចាយ​ហើយ។​

31 ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ មនុស្ស​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​ចំពោះ​គ្រប់​ទាំង​បាប​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ ប៉ុន្ដែ​ពាក្យ​ប្រមាថ​ដល់​ព្រះវិញ្ញាណ​ នឹង​មិន​បាន​ទទួល​ការ​លើកលែង​ទោស​ទេ​

32 ហើយ​អ្នកណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ អាច​លើកលែងទោស​ឲ្យ​បាន​ ប៉ុន្ដែ​អ្នកណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើកលែង​ទោស​ឲ្យ​បាន​ទេ​ ទាំង​នៅ​ជំនាន់​នេះ​ និង​នៅ​ជំនាន់​ដែល​នឹង​មក​ដល់។​

33 ដាំ​ដើម​ឈើ​ល្អ​ ផ្លែ​របស់​វា​ក៏​ល្អ​ ផ្ទុយ​ទៅ​វិញ​ ដាំ​ដើម​ឈើ​មិន​ល្អ​ ផ្លែ​របស់​វា​ក៏​មិន​ល្អ​ដែរ​ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយសារ​ផ្លែ​របស់​វា។​

34 ឱ​ពូជ​ពស់​វែក​អើយ!​ អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​អាច​ពោល​សេចក្ដី​ល្អ​បាន?​ ដ្បិត​មាត់​និយាយ​តាម​តែ​សេចក្ដី​ហូរហៀរ​នៃ​ចិត្ដ។​

35 មនុស្ស​ល្អ​បញ្ចេញ​សេចក្ដី​ល្អ​ពី​កំណប់​ល្អ​ក្នុង​ចិត្ដ​របស់​ខ្លួន​ ‍ឯ​មនុស្ស​ឤក្រក់​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ដ​របស់​ខ្លួន​ដែរ។​

36 តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​ជំនុំជម្រះ​ មនុស្ស​នឹង​រៀបរាប់​អំពី​ពាក្យ​ឥត​ប្រយោជន៍​ទាំង​អស់​ដែល​គេ​បាន​និយាយ​

37 ព្រោះ​អ្នក​រាល់គ្នា​នឹង​បាន​រាប់​ជា​សុចរិត​ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន​ ហើយ​ក៏​នឹង​ត្រូវ​ជាប់​ទោស​ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន​ដែរ‍»‍។​

38 បន្ទាប់​មក​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​ទូល​ថា៖​ «លោក​គ្រូ​ យើង​ចង់​ឃើញ​ទីសំគាល់​មួយ​ពី​លោក»​

39 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ជំនាន់​មនុស្ស​ដ៏​ឤក្រក់​ និង​ផិតក្បត់​ស្វែង​រក​ទីសំគាល់​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅ​ពី​ទីសំគាល់​លោក​យ៉ូណាស​ ជា​អ្នក​នាំ​ព្រះបន្ទូល​

40 ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ដ៏​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា​ កូន​មនុស្ស​នឹង​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។​

41 នៅ​គ្រា​ជំនុំជម្រះ​ អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឈរ​ឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់​ទោស​ដល់​ជំនាន់​នេះ​ ព្រោះ​ពួកគេ​បាន​ប្រែចិត្ដ​នៅ​ពេល​ឮ​សេចក្ដី​ប្រកាស​របស់​លោក​យ៉ូណាស​ ប៉ុន្ដែ​មើល៍​ ម្នាក់​ដែល​វិសេស​ជាង​លោក​យ៉ូណាស​ គឺ​នៅ​ទី​នេះ​ស្រាប់​ហើយ។​

42 នៅ​គ្រា​ជំនុំជម្រះ​ ម្ចាស់​ក្សត្រី​ភាគ​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់​ទោស​ដល់​ជំនាន់​នេះ​ ដ្បិត​ព្រះ​នាង​បាន​មក​ពី​ចុង​បំផុត​នៃ​ផែនដី​ ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​ ប៉ុន្ដែ​មើល៍​ ម្នាក់​ដែល​វិសេស​ជាង​ស្ដេច​សាឡូម៉ូន​ គឺ​នៅ​ទី​នេះ​ស្រាប់​ហើយ។​

43 ពេល​វិញ្ញាណ​ឤក្រក់​ចេញ​ពី​មនុស្ស​ម្នាក់​ វា​ក៏​ទៅ​ស្វែង​រក​កន្លែង​សម្រាក​នៅ​ទី​ហួត​ហែង​ ប៉ុន្ដែ​រក​មិន​បាន​

44 នោះ​វា​និយាយ​ថា​ អញ​នឹង​ត្រលប់​ទៅ​ផ្ទះ​របស់​អញ​ដែល​អញ​បាន​ចេញ​មក​នោះ​វិញ‍។​ ពេល​មក​ដល់​ វា​ក៏​ឃើញ​ថា​នៅ​ទំនេរ​ ទាំង​បោស​ស្អាត​ និង​មាន​របៀប​ផង​

45 នោះ​វា​ក៏​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ ដែល​ឤក្រក់​ជាង​វា​ចូល​ទៅ​នៅ​ទី​នោះ​ ដូច្នេះ​ស្ថាន​ភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​ឤក្រក់​ជាង​មុន​ទៅ​ទៀត​ ហើយ​មនុស្ស​ជំនាន់​ដ៏​ឤក្រក់​នេះ​ក៏​ដូច្នោះ​ដែរ»។​

46 កាល​កំពុង​មាន​បន្ទូល​នឹង​បណ្ដាជន​នៅ​ឡើយ​ នោះ​ម្ដាយ​ និង​បងប្អូន​របស់​ព្រះយេស៊ូ​បាន​ឈរ​នៅ​ខាង​ក្រៅ​ ចង់​និយាយ​ជាមួយ​នឹង​ព្រះអង្គ។​

47 មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ម្ដាយ​ និង​បងប្អូន​របស់​លោក​ឈរ​នៅ​ខាង​ក្រៅ​ ចង់​និយាយ​ជាមួយ​នឹង​លោក»​

48 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ដែល​បាន​ទូល​ព្រះអង្គ​នោះ​ថា៖​ «តើ​នរណា​ជា​ម្ដាយ​ និង​ជា​បងប្អូន​របស់​ខ្ញុំ?»​

49 រួច​ហើយ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទាំង​លាត​ព្រះហស្ដ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និង​ជា​បងប្អូន​របស់​ខ្ញុំ​

50 ដ្បិត​អ្នកណា​ដែល​ធ្វើ​តាម​បំណង​របស់​ព្រះវរបិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ អ្នក​នោះ​ហើយ​ជា​បងប្អូន​ប្រុស​ស្រី​ និង​ជា​ម្ដាយ​របស់​ខ្ញុំ‍»‍។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28