ម៉ាថាយ 13:12-18 KCB

12 ដ្បិត​អ្នកណា​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង​

13 ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ​ជា​រឿង​ប្រៀប​ប្រដូច​ ដ្បិត​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ស្ដាប់​ ប៉ុន្ដែ​មិន​ឮ​ និង​មិន​យល់​ផង‍។​

14 សេចក្ដី​ដែល​លោក​អេសាយ​បាន​ថ្លែង​ទុក​មក​ បាន​សម្រេច​តាមរយៈ​ពួកគេ​ហើយ​ គឺ​អ្នក​រាល់គ្នា​ស្ដាប់​ឮ​ ប៉ុន្ដែ​មិន​យល់​ ហើយ​មើល​ឃើញ​ ប៉ុន្ដែ​មិន​ដឹង​សោះ។​

15 ដ្បិត​ចិត្ដ​របស់​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក​ ត្រចៀក​គេ​ធ្ងន់​ពិបាក​ស្ដាប់​ ហើយ​គេ​ក៏​បិទ​ភ្នែក​ បើ​ពុំ​នោះ​សោត​ គេ​មុខ​ជា​មើល​ឃើញ​នឹង​ភ្នែក​ ស្ដាប់​ឮ​នឹង​ត្រចៀក​ យល់​នៅ​ក្នុង​ចិត្ដ​ រួច​ប្រែចិត្ដ​ ហើយ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​

16 ភ្នែក​របស់​អ្នក​រាល់គ្នា​មាន​ពរ​ណាស់​ ដ្បិត​បាន​មើល​ឃើញ​ ហើយ​ត្រចៀក​ក៏​ដូច្នេះ​ដែរ​ ដ្បិត​បាន​ស្ដាប់​ឮ។​

17 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​មនុស្ស​សុចរិត​ជា​ច្រើន​ចង់​ឃើញ​អ្វី​ដែល​អ្នក​រាល់គ្នា​ឃើញ​ ប៉ុន្ដែ​មិន​បាន​ឃើញ​ទេ​ ក៏​ចង់​ឮ​អ្វី​ដែល​អ្នក​រាល់គ្នា​ឮ​ដែរ​ ប៉ុន្ដែ​មិន​បាន​ឮ​ឡើយ។​

18 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​រឿង​ប្រៀប​ប្រដូច​អំពី​កសិករ​ព្រោះ​គ្រាប់​ពូជ​ចុះ។​