12 ពួកសិស្សរបស់គាត់បានចូលមកយកសពគាត់ទៅបញ្ចុះ ហើយក៏មករៀបរាប់ប្រាប់ព្រះយេស៊ូ។
13 ពេលព្រះយេស៊ូឮពីការនេះ ព្រះអង្គក៏យាងតាមទូកចេញពីទីនោះ ទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯង តែពេលបណ្ដាជនបានដឹងក៏ចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។
14 ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង និងបានប្រោសអ្នកជំងឺទាំងឡាយក្នុងចំណោមពួកគេឲ្យបានជា។
15 លុះដល់ល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គ ទូលថា៖ «កន្លែងនេះនៅដាច់ពីគេ ឯម៉ោងក៏ជ្រុលហើយ សូមរំសាយបណ្ដាជនឲ្យទៅតាមភូមិ ដើម្បីឲ្យគេទិញអាហារសម្រាប់ខ្លួនគេ»
16 តែព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «មិនចាំបាច់ឲ្យពួកគេទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។
17 ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «នៅទីនេះយើងគ្មានអ្វីទេ ក្រៅពីនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»
18 ព្រះអង្គក៏មានបន្ទូលថា៖ «ចូរយកត្រី និងនំប៉័ងនោះមកឲ្យខ្ញុំនៅទីនេះ»