27 ប៉ុន្ដែនាងទូលថា៖ «ចាស លោកម្ចាស់ សូម្បីតែឆ្កែក៏ស៊ីកម្ទេចអាហារដែលជ្រុះពីតុម្ចាស់វាដែរ»
28 ព្រះយេស៊ូមានបន្ទូលឆ្លើយនឹងនាងថា៖ «ឱនាងអើយ! អ្នកមានជំនឿខ្លាំងមែន ចូរឲ្យបានសម្រេចដូចអ្នកប្រាថ្នាចុះ» កូនស្រីរបស់នាងក៏បានជាសះស្បើយពីពេលនោះមក។
29 ព្រះយេស៊ូបានយាងចេញពីទីនោះ ហើយធ្វើដំណើរតាមមាត់បឹងកាលីឡេ បន្ទាប់មក ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយនៅទីនោះ។
30 បណ្ដាជនច្រើនកុះករបានចូលមកជិតព្រះអង្គ មានទាំងមនុស្សខ្វិន ខ្វាក់ ពិការ គ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយនឹងពួកគេដែរ។ ពួកគេបានផ្ដេកអ្នកទាំងនោះនៅទៀបបាទាព្រះអង្គ ហើយព្រះអង្គក៏ប្រោសអ្នកជំងឺទាំងនោះឲ្យជាសះស្បើយ។
31 កាលឃើញមនុស្សគនិយាយ មនុស្សពិការជាសះស្បើយ មនុស្សខ្វិនដើរ មនុស្សខ្វាក់មើលឃើញដូច្នេះ បណ្ដាជនក៏នឹកអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះរបស់អ៊ីស្រាអែល។
32 ព្រះយេស៊ូបានហៅពួកសិស្សរបស់ព្រះអង្គមក ហើយមានបន្ទូលថា៖ «ខ្ញុំអាណិតបណ្ដាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ ខ្ញុំមិនចង់បញ្ចូនពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេអស់កម្លាំងតាមផ្លូវ»
33 នោះពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោឋានដូច្នេះ តើយើងរកនំប៉័ងមកពីណាឲ្យបានច្រើន ដើម្បីចម្អែតបណ្ដាជនដ៏សន្ធឹកបែបនេះ?»