13 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគាត់រកចៀមនោះឃើញវិញ គាត់ត្រេកអរចំពោះចៀមនោះជាងចៀមកៅសិបប្រាំបួនដែលមិនវង្វេងនោះទៅទៀត។
14 ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ក៏ដូច្នោះដែរ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះត្រូវវិនាសឡើយ។
15 បើបងប្អូនរបស់អ្នកប្រព្រឹត្តបាបចំពោះអ្នក ចូរទៅប្រាប់គាត់អំពីកំហុសនោះក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្ដាប់អ្នក អ្នកនឹងចំណេញបានបងប្អូនរបស់អ្នកមកវិញ
16 ប៉ុន្ដែបើគាត់មិនព្រមស្ដាប់ ចូរអ្នកនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យមានសាក្សីពីរ បីនាក់បញ្ជាក់ផ្ទាល់មាត់ពីពាក្យសំដីទាំងឡាយនោះ។
17 បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទៀត ចូរប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬអ្នកទារពន្ធដារចុះ។
18 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីក៏ដោយដែលអ្នករាល់គ្នាចងនៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នករាល់គ្នាស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ
19 ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើពីរនាក់ក្នុងចំណោមអ្នករាល់គ្នាព្រមព្រៀងគ្នាអំពីអ្វីក៏ដោយ ដែលពួកគេនឹងទូលសុំនៅលើផែនដីនេះ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងឲ្យពួកគេបានសម្រេចជាមិនខាន