6 ប៉ុន្ដែបើអ្នកណាបណ្ដាលឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកដែលជឿខ្ញុំទាំងនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនដោយសត្វលា មកចងនឹងករបស់អ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរជាង
7 វេទនាដល់មនុស្សលោក ដោយព្រោះតែសេចក្ដីដែលបណ្ដាលឲ្យជំពប់ដួល ដ្បិតសេចក្ដីនោះត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់មនុស្សណាដែលនាំឲ្យកើតមានសេចក្ដីនោះ
8 ប្រសិនបើដៃ ឬជើងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតបើអ្នកចូលទៅក្នុងជីវិតអស់កល្បដោយកំបុតដៃម្ខាង ឬកំបុតជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬជើងពីរ ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច
9 ប្រសិនបើភ្នែករបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញពីអ្នក ហើយបោះចោលទៅ ដ្បិតបើអ្នកចូលក្នុងជីវិតអស់កល្បដោយមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកទាំងសងខាង ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងនរក។
10 ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឲ្យសោះ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅឯស្ថានសួគ៌ទេវតារបស់ពួកគេតែងតែឃើញព្រះភក្ដ្រព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
11 ដ្បិតកូនមនុស្សបានមក ដើម្បីសង្គ្រោះអ្នកដែលវង្វេង
12 តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេច? បើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ រួចទៅតាមរកចៀមមួយដែលវង្វេងនោះទេឬ?