22 ប៉ុន្ដែពេលកំលោះនោះឮព្រះបន្ទូលនេះ ក៏ចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។
23 ព្រះយេស៊ូក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកមានពិបាកនឹងចូលទៅក្នុងនគរស្ថានសួគ៌ណាស់
24 ហើយខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលទៅក្នុងនគរព្រះជាម្ចាស់ទៅទៀត»
25 ពេលពួកសិស្សឮហើយ ក៏នឹកឆ្ងល់ជាខ្លាំង ទាំងនិយាយថា៖ «បើដូច្នេះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»
26 ពេលព្រះយេស៊ូទតទៅពួកគេ នោះក៏មានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់វិញអាចធ្វើគ្រប់ការទាំងអស់បាន»។
27 បន្ទាប់មក លោកពេត្រុសទូលសួរព្រះអង្គថា៖ «មើល៍! យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក។ តើយើងនឹងបានអ្វីទៅ?»
28 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ