18 «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅឲ្យពួកសម្ដេចសង្ឃ និងគ្រូវិន័យ រួចពួកគេនឹងកាត់ទោសប្រហារជីវិតលោក
19 ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
20 បន្ទាប់មក ប្រពន្ធលោកសេបេដេ និងកូនៗរបស់គាត់បានចូលមកថ្វាយបង្គំព្រះអង្គ ដើម្បីទូលសុំអ្វីម្យ៉ាងពីព្រះអង្គ
21 ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់បានអ្វី?» គាត់ទូលព្រះអង្គថា៖ «ខ្ញុំសូមឲ្យលោកសន្យាថា កូនប្រុសរបស់ខ្ញុំទាំងពីរនាក់នេះ នឹងបានអង្គុយក្បែរលោកនៅក្នុងនគររបស់លោក គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង»។
22 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកមិនដឹងថា អ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកនេះបានដែរឬទេ?» ពួកគេទូលព្រះអង្គថា៖ «យើងអាចផឹកបាន»។
23 ព្រះអង្គក៏មានបន្ទូលទៅពួកគេទៀតថា៖ «អ្នកនឹងផឹកពីពែងរបស់ខ្ញុំបានមែន ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំខ្ញុំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានរៀបចំទុកឲ្យប៉ុណ្ណោះ»។
24 ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ទាស់ចិត្ដនឹងបងប្អូនពីរនាក់នោះ