ម៉ាថាយ 21:23-29 KCB

23 កាល​ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ពេល​ព្រះអង្គ​កំពុង​បង្រៀន​ ពួកគេ​ទូល​សួរ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​នេះ​ដល់​អ្នក?»​

24 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំនួរ​ដែរ​ ប្រសិន​បើ​ពួក​លោក​ប្រាប់​ខ្ញុំ​បាន​ នោះ​ខ្ញុំ​នឹង​ប្រាប់​វិញ​ដែរ​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី​

25 តើ​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​មក​ពី​ណា?​ មក​ពី​ស្ថានសួគ៌​ ឬ​ក៏​មក​ពី​មនុស្ស?»​ ពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា​មក​ពី​ស្ថានសួគ៌​ នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុអ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន?​

26 ប៉ុន្ដែ​បើ​យើង​ឆ្លើយ​ថា​មក​ពី​មនុស្ស​ នោះ​ខ្លាច​បណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់​គ្នា​រាប់​លោក​យ៉ូហាន​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល»​

27 ពួកគេ​ក៏​ទូល​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី​នោះ។​

28 តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច?​ មាន​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​ គាត់​បាន​ចូល​មក​ជិត​កូន​ទី​មួយ​ប្រាប់​ថា​ កូន​អើយ‍!​ ថ្ងៃ​នេះ​កូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​ចុះ​

29 វា​តប​វិញ​ថា​ ខ្ញុំ​មិន​ចង់​ទៅ​ទេ​ ប៉ុន្ដែ​ក្រោយ​មក​ វា​ដូរ​គំនិត​វិញ​ ហើយ​ក៏​ទៅ។​