27 ពួកគេក៏ទូលឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ»។ ព្រះអង្គមានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីនោះ។
28 តើពួកលោកគិតយ៉ាងដូចម្ដេច? មានបុរសម្នាក់មានកូនពីរនាក់ គាត់បានចូលមកជិតកូនទីមួយប្រាប់ថា កូនអើយ! ថ្ងៃនេះកូនទៅធ្វើការនៅក្នុងចម្ការទំពាំងបាយជូរចុះ
29 វាតបវិញថា ខ្ញុំមិនចង់ទៅទេ ប៉ុន្ដែក្រោយមក វាដូរគំនិតវិញ ហើយក៏ទៅ។
30 បុរសនោះបានទៅប្រាប់កូនម្នាក់ទៀតដូចមុន នោះវាតបវិញថា លោកឪពុកអើយ! ខ្ញុំទៅ ប៉ុន្ដែវាមិនបានទៅទេ
31 ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនមួយណាធ្វើតាមបំណងរបស់ឪពុក?» ពួកគេឆ្លើយថា៖ «កូនទីមួយ»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់ពួកលោកជាប្រាកដថា ពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យានឹងចូលទៅក្នុងនគរព្រះជាម្ចាស់មុនពួកលោក។
32 ដ្បិតលោកយ៉ូហានបានមកឯពួកលោកដោយផ្លូវនៃសេចក្ដីសុចរិត ប៉ុន្ដែពួកលោកមិនជឿគាត់ទេ ផ្ទុយទៅវិញពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យាបានជឿគាត់ ហើយទោះបីពួកលោកឃើញក្ដី ក៏មិនបានប្រែចិត្ដជឿគាត់តាមក្រោយដែរ។
33 ចូរស្ដាប់រឿងប្រៀបប្រដូចមួយទៀត មានបុរសម្នាក់ ជាម្ចាស់ចម្ការបានធ្វើចម្ការទំពាំងបាយជូរមួយ ហើយក៏ព័ទ្ធរបងជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សង់ប៉មមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅ។