30 បុរសនោះបានទៅប្រាប់កូនម្នាក់ទៀតដូចមុន នោះវាតបវិញថា លោកឪពុកអើយ! ខ្ញុំទៅ ប៉ុន្ដែវាមិនបានទៅទេ
31 ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនមួយណាធ្វើតាមបំណងរបស់ឪពុក?» ពួកគេឆ្លើយថា៖ «កូនទីមួយ»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់ពួកលោកជាប្រាកដថា ពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យានឹងចូលទៅក្នុងនគរព្រះជាម្ចាស់មុនពួកលោក។
32 ដ្បិតលោកយ៉ូហានបានមកឯពួកលោកដោយផ្លូវនៃសេចក្ដីសុចរិត ប៉ុន្ដែពួកលោកមិនជឿគាត់ទេ ផ្ទុយទៅវិញពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យាបានជឿគាត់ ហើយទោះបីពួកលោកឃើញក្ដី ក៏មិនបានប្រែចិត្ដជឿគាត់តាមក្រោយដែរ។
33 ចូរស្ដាប់រឿងប្រៀបប្រដូចមួយទៀត មានបុរសម្នាក់ ជាម្ចាស់ចម្ការបានធ្វើចម្ការទំពាំងបាយជូរមួយ ហើយក៏ព័ទ្ធរបងជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សង់ប៉មមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅ។
34 លុះជិតដល់រដូវប្រមូលផល គាត់ក៏ចាត់ពួកបាវបម្រើឲ្យទៅឯពួកអ្នកចម្ការ ដើម្បីទទួលយកផលនៃចម្ការទំពាំងបាយជូរនោះ
35 ប៉ុន្ដែពួកអ្នកចម្ការបានវាយបាវបម្រើរបស់គាត់ម្នាក់ សម្លាប់ម្នាក់ ហើយបានគប់ម្នាក់ទៀតនឹងដុំថ្ម។
36 គាត់ក៏ចាត់ពួកបាវបម្រើផ្សេងទៀតច្រើនជាងលើកទីមួយឲ្យទៅ ប៉ុន្ដែពួកគេបានធ្វើចំពោះអ្នកទាំងនោះដូចលើកមុន។