35 ប៉ុន្ដែពួកអ្នកចម្ការបានវាយបាវបម្រើរបស់គាត់ម្នាក់ សម្លាប់ម្នាក់ ហើយបានគប់ម្នាក់ទៀតនឹងដុំថ្ម។
36 គាត់ក៏ចាត់ពួកបាវបម្រើផ្សេងទៀតច្រើនជាងលើកទីមួយឲ្យទៅ ប៉ុន្ដែពួកគេបានធ្វើចំពោះអ្នកទាំងនោះដូចលើកមុន។
37 នៅទីបំផុត គាត់ក៏ចាត់កូនប្រុសរបស់គាត់ឲ្យទៅឯពួកអ្នកចម្ការដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ
38 ប៉ុន្ដែកាលពួកអ្នកចម្ការឃើញកូនប្រុសនោះ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ ដើម្បីយកមរតករបស់វា។
39 ពួកគេក៏ចាប់កូនប្រុសនោះបោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។
40 ដូច្នេះ ពេលម្ចាស់ចម្ការមកវិញ តើគាត់នឹងធ្វើយ៉ាងដូចម្ដេចចំពោះពួកអ្នកចម្ការទាំងនោះ?»
41 ពួកគេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ពួកមនុស្សអាក្រក់ទាំងនោះដោយឥតប្រណីឡើយ ហើយគាត់នឹងប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យទៅពួកអ្នកចម្ការផ្សេងទៀត ដែលផ្ដល់ផលឲ្យគាត់តាមរដូវ»។