1 កាលព្រះយេស៊ូបានបញ្ចប់ព្រះបន្ទូលទាំងអស់នេះហើយ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖
2 «អ្នករាល់គ្នាដឹងថា ពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលងហើយ ឯកូនមនុស្សវិញ ក៏ត្រូវគេបញ្ជូនឲ្យទៅជាប់ឆ្កាងដែរ»។
3 នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា
4 ពួកគេបានពិភាក្សាគ្នា ដើម្បីចាប់ព្រះយេស៊ូដោយឧបាយកល រួចសម្លាប់ព្រះអង្គ
5 ប៉ុន្ដែពួកគេនិយាយថា៖ «កុំធ្វើនៅក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។