27 បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ ទាំងមានបន្ទូលថា៖ «ចូរអ្នកទាំងអស់គ្នាផឹកពីពែងនេះចុះ
28 ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរ ដើម្បីលើកលែងទោសបាបដល់មនុស្សជាច្រើន។
29 ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងនគរព្រះវរបិតារបស់ខ្ញុំ»។
30 ក្រោយពីច្រៀងចម្រៀងសរសើរតម្កើងរួច ពួកគេក៏ចេញទៅភ្នំដើមអូលីវ។
31 ក្រោយមក ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «យប់នេះ ដោយព្រោះខ្ញុំ អ្នកទាំងអស់គ្នានឹងជំពប់ដួល ដ្បិតមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ
32 ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។
33 លោកពេត្រុសទូលទៅព្រះអង្គថា៖ «ទោះជាមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ»