47 កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ ហើយមានបណ្ដាជនជាច្រើនប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជន។
48 អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាដល់ពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ចុះ»
49 គាត់ចូលមកជិតព្រះយេស៊ូភ្លាម ហើយទូលថា៖ «ជម្រាបសួរលោកគ្រូ» រួចក៏ថើបព្រះអង្គ។
50 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ! អ្នកមកដើម្បីអ្វី ចូរធ្វើចុះ» បន្ទាប់មក ពួកគេក៏ចូលមកជិត ហើយលូកដៃចាប់ព្រះយេស៊ូ
51 នោះមានម្នាក់ក្នុងចំណោមពួកអ្នកនៅជាមួយព្រះយេស៊ូ បានលូកដៃហូតដាវរបស់ខ្លួន កាប់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ
52 ពេលនោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរទុកដាវរបស់អ្នកទៅក្នុងកន្លែងរបស់វាវិញទៅ ដ្បិតអស់អ្នកដែលរើសយកដាវ នឹងស្លាប់ដោយដាវ
53 ឬមួយអ្នកគិតថា នៅពេលនេះ ខ្ញុំមិនអាចសុំព្រះវរបិតារបស់ខ្ញុំឲ្យព្រះអង្គប្រទានពួកទេវតាលើសពីដប់ពីរកងដល់ខ្ញុំបានទេឬ?