63 ព្រះយេស៊ូនៅស្ងៀម សម្ដេចសង្ឃក៏និយាយទៅព្រះអង្គទៀតថា៖ «ខ្ញុំសូមឲ្យអ្នកស្បថនឹងព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ចូរអ្នកប្រាប់យើងមក តើអ្នកជាព្រះគ្រិស្ដដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែនឬ?»
64 នោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកនិយាយត្រូវហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»។
65 ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា៖ «វាប្រមាថព្រះជាម្ចាស់ហើយ តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? ពេលនេះ អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ
66 តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេចដែរ?» ពួកគេតបវិញថា៖ «វាសមតែស្លាប់»
67 បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ដ្រព្រះអង្គ ដាល់ព្រះអង្គ ហើយទះកំផ្លៀងព្រះអង្គ
68 ទាំងនិយាយថា៖ «ព្រះគ្រិស្ដអើយ! ទាយប្រាប់យើងមើល៍ តើអ្នកណាវាយឯង?»
69 ពេលលោកពេត្រុសកំពុងអង្គុយនៅខាងក្រៅផ្ទះ មានស្រីបម្រើម្នាក់ចូលមកជិតគាត់ និយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកស្រុកកាលីឡេដែរ»