14 ប៉ុន្ដែព្រះអង្គមិនបានឆ្លើយទៅគាត់ទេ សូម្បីតែមួយម៉ាត់ ធ្វើឲ្យលោកអភិបាលងឿងឆ្ងល់យ៉ាងខ្លាំង។
15 រៀងរាល់ថ្ងៃបុណ្យ លោកអភិបាលធ្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យបណ្ដាជនតាមដែលពួកគេចង់បាន។
16 គ្រានោះ មានអ្នកទោសម្នាក់ល្បីអសោច ឈ្មោះយេស៊ូបារ៉ាបាស
17 ដូច្នេះ កាលពួកគេបានមកជួបជុំគ្នា លោកពីឡាត់ក៏សួរពួកគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា យេស៊ូបារ៉ាបាស ឬយេស៊ូដែលហៅថា ព្រះគ្រិស្ដ?»
18 ដ្បិតគាត់ដឹងថា ពួកគេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីឈ្នានីស។
19 ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។
20 ពួកសម្ដេចសង្ឃ និងពួកចាស់ទុំបានញុះញង់បណ្ដាជនឲ្យសុំយកបារ៉ាបាស ហើយឲ្យសម្លាប់ព្រះយេស៊ូវិញ។