5 ទេវតានោះក៏និយាយទៅពួកស្ដ្រីទាំងនោះថា៖ «កុំខ្លាចអី! ដ្បិតខ្ញុំដឹងថា អ្នកកំពុងរកព្រះយេស៊ូដែលត្រូវគេឆ្កាងនោះហើយ
6 ព្រះអង្គមិននៅទីនេះទៀតទេ ដ្បិតព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលរួចហើយ ចូរមកមើលកន្លែងដែលគេផ្ដេកសពព្រះអង្គចុះ
7 ហើយចូរប្រញាប់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញហើយ មើល៍ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ»។
8 កាលបានចាកចេញពីផ្នូរយ៉ាងរហ័ស ទាំងភ័យអរជាខ្លាំងផង នោះពួកនាងក៏រត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ
9 ស្រាប់តែព្រះយេស៊ូបានមកជួបពួកនាង ទាំងមានបន្ទូលថា៖ «ជម្រាបសួរ»។ ពួកនាងបានចូលមកជិតចាប់ឱបបាទាព្រះអង្គ និងបានថ្វាយបង្គំព្រះអង្គ។
10 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនខ្ញុំថា ឲ្យពួកគេទៅស្រុកកាលីឡេចុះ ហើយពួកគេនឹងជួបខ្ញុំនៅទីនោះ»។
11 កាលពួកនាងកំពុងធ្វើដំណើរទៅ នោះពួកអ្នកយាមខ្លះបានចូលទៅក្នុងក្រុង ប្រាប់ពួកសម្ដេចសង្ឃអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង។