ម៉ាថាយ 5:18-24 KCB

18 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​ផ្ទៃ​មេឃ​ និង​ផែនដី​វិនាស​ទៅ​ ក៏​គ្មាន​សញ្ញា​ក្បៀស​ ឬ​សញ្ញា​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ​វិន័យ​ត្រូវ​លុប​បំបាត់​ចោល​ដែរ​ លុះត្រា​តែ​អ្វីៗ​បាន​សម្រេច​ជា​មុន​សិន។​

19 ដូច្នេះ​ អ្នកណា​ល្មើស​បញ្ញត្ដិ​តូច​បំផុត​មួយ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​នេះ​ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​នៅ​ក្នុង​នគរ​ស្ថានសួគ៌​ ប៉ុន្ដែ​អ្នកណា​ដែល​អនុវត្ដ​តាម​ និង​បង្រៀន​បញ្ញត្ដិ​ទាំង​នេះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​នៅក្នុង​នគរ​ស្ថានសួគ៌។​

20 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​ មិន​លើស​សេចក្ដី​សុចរិត​របស់​ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ចូល​នគរ​ស្ថានសួគ៌​បាន​ឡើយ។​

21 អ្នក​រាល់គ្នា​បាន​ឮសេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់​មុន​ថា​ កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ​ អ្នកណា​សម្លាប់​មនុស្ស​ អ្នក​នោះ​នឹង​ត្រូវ​ជាប់​ទោស​

22 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​ខឹង​នឹង​បងប្អូន​ខ្លួន​ឯង​ នោះ​នឹង​ត្រូវ​ជាប់​ទោស​ដែរ​ ហើយ​អ្នកណា​ហៅ​បងប្អូន​ខ្លួន​ឯង​ថា​ «អាឡប់»​ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​កំពូល​ដាក់​ទោស‍។​ អ្នកណា​ដែល​ជេរ​គេ​ថា​ «អាឆ្កួត»​ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក‍។​

23 ដូច្នេះ​បើ​អ្នក​នាំ​តង្វាយ​មក​កន្លែង​ថ្វាយ​តង្វាយ​ ហើយ​នៅ​ទីនោះ​ អ្នក​ចាំ​ថា​ បង​ប្អូន​របស់​អ្នក​មាន​រឿង​ទាស់​នឹង​អ្នក​

24 ចូរ​ទុក​តង្វាយ​នៅ​ទី​នោះ​ នៅ​មុខ​កន្លែង​ថ្វាយ​តង្វាយ​ចុះ​ ហើយ​ទៅ​ផ្សះផ្សា​នឹង​បងប្អូន​ជា​មុន​សិន​ រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។​