ម៉ាថាយ 6:15-21 KCB

15 ប៉ុន្ដែ​ បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ដល់​មនុស្ស​ទេ​ នោះ​ព្រះវរបិតា​របស់អ្នក​រាល់គ្នា​ ក៏​មិន​លើក​លែង​ទោស​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ។​

16 នៅ​ពេល​អ្នក​រាល់គ្នា​តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ឲ្យ​សោះ​ ពួកគេ​បង្ហាញ​ទឹក​មុខ​ស្រពោន​ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​ ពួកគេ​កំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ជា​បា្រកដ​ថា​ ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។​

17 ដូច្នេះ​នៅ​ពេល​អ្នក​តម​អាហារ​ ចូរ​លុប​លាង​មុខ​ ហើយ​លាប​ប្រេង​លើ​ក្បាល​ចុះ​

18 ដើម្បី​កុំ​ឲ្យ​អ្នក​បង្ហាញ​ដល់​មនុស្ស​ថា​ អ្នក​កំពុង​តម​អាហារ​ ប៉ុន្ដែ​បង្ហាញ​ដល់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​វិញ​ ហើយ​ព្រះវរបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​

19 ចូរ​កុំ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ផែនដី​ឲ្យ​សោះ​ ដ្បិត​ជា​កន្លែង​ដែល​មាន​កណ្ដៀរ​ និង​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ផង​

20 ដូច្នេះ​ ចូរ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ស្ថានសួគ៌​ ដ្បិត​ជា​កន្លែង​គ្មាន​កណ្ដៀរ​ គ្មាន​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ក៏​ជា​កន្លែង​គ្មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ដែរ​

21 ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​ក៏​នៅ​ទីនោះ​ដែរ‍។​