16 ព្រោះគ្មាននរណាយកបំណះក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ទេ ដ្បិតបំណះក្រណាត់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់នោះ ហើយបែរជាធ្វើឲ្យរហែកលើសមុនទៅទៀត
17 ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកចាស់នឹងធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតទៀត ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីក្នុងថង់ស្បែកថ្មី នោះទើបអាចនៅគង់វង្សបានទាំងពីរ»។
18 ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាងឲ្យរស់ឡើងវិញផង»។
19 ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គក៏ក្រោកឡើងទៅតាមគាត់។
20 មានស្ដ្រីម្នាក់ឈឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ គាត់បានចូលមកជិតពីខាងក្រោយ ហើយពាល់រំយោលអាវរបស់ព្រះអង្គ
21 ដ្បិតស្ដ្រីនោះគិតក្នុងចិត្ដថា៖ «បើខ្ញុំគ្រាន់តែបានពាល់អាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន»។
22 ព្រះយេស៊ូក៏ងាកមើលស្ដ្រីនោះ ហើយមានបន្ទូលថា៖ «កូនស្រីអើយ! ចូររីករាយឡើង ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្ដ្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។