15 លោកអេលីយ៉ុឌបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថានបង្កើតលោកយ៉ាកុប
16 លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាប្ដីនាងម៉ារាដែលបានបង្កើតព្រះយេស៊ូហៅថា «ព្រះគ្រិស្ដ»
17 ដូច្នេះ ចាប់ពីជំនាន់លោកអ័ប្រាហាំមកដល់ជំនាន់ស្ដេចដាវីឌ ទាំងអស់មានដប់បួនជំនាន់ ពីជំនាន់ស្ដេចដាវីឌដល់ជំនាន់និរទេសទៅស្រុកបាប៊ីឡូនមានដប់បួនជំនាន់ ហើយពីជំនាន់និរទេសទៅស្រុកបាប៊ីឡូនដល់ជំនាន់ព្រះគ្រិស្ដមានដប់បួនជំនាន់។
18 កំណើតរបស់ព្រះយេស៊ូគ្រិស្ដមានដូចតទៅ នាងម៉ារាជាម្ដាយរបស់ព្រះអង្គ បានភ្ជាប់ពាក្យនឹងលោកយ៉ូសែប ហើយមុនពួកគេរួមរស់ជាមួយគ្នា នាងម៉ារាមានផ្ទៃពោះដោយសារព្រះវិញ្ញាណបរិសុទ្ធ។
19 ឯលោកយ៉ូសែបប្ដីនាងជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្ដលែងលះនាងដោយសម្ងាត់
20 ប៉ុន្ដែពេលគាត់គិតអំពីការទាំងនេះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានលេចមកឲ្យគាត់ឃើញនៅក្នុងយល់សប្តិ ដោយនិយាយថា៖ «យ៉ូសែបជាពូជពង្សដាវីឌអើយ! កុំខ្លាចនឹងយកនាងម៉ារាធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតកូននៅក្នុងផ្ទៃរបស់នាងកើតពីព្រះវិញ្ញាណបរិសុទ្ធទេ
21 នាងនឹងប្រសូតបានបុត្រាមួយអង្គ រួចអ្នកនឹងថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ» ព្រោះព្រះអង្គនឹងសង្គ្រោះប្រជាជនរបស់ព្រះអង្គពីបាបរបស់ពួកគេ»។