ម៉ាថាយ 15:30-36 KCB

30 បណ្ដាជន​ច្រើន​កុះករ​បាន​ចូល​មក​ជិត​ព្រះអង្គ​ មាន​ទាំង​មនុស្ស​ខ្វិន​ ខ្វាក់​ ពិការ​ គ​ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជាមួយ​នឹង​ពួកគេ​ដែរ។​ ពួកគេ​បាន​ផ្ដេក​អ្នក​ទាំង​នោះ​នៅ​ទៀប​បាទា​ព្រះអង្គ​ ហើយ​ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ទាំង​នោះ​ឲ្យ​ជា​សះស្បើយ។​

31 កាល​ឃើញ​មនុស្ស​គ​និយាយ​ មនុស្ស​ពិការ​ជា​សះស្បើយ​ មនុស្ស​ខ្វិន​ដើរ​ មនុស្ស​ខ្វាក់​មើល​ឃើញ​ដូច្នេះ​ បណ្ដាជន​ក៏​នឹក​អស្ចារ្យ​ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​របស់​អ៊ីស្រាអែល។​

32 ព្រះយេស៊ូ​បាន​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ ហើយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​អាណិត​បណ្ដាជន​ទាំង​អស់​នេះ​ណាស់​ ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់​តែ​សោះ​ ខ្ញុំ​មិន​ចង់​បញ្ចូន​ពួកគេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ​ ក្រែងលោ​ពួកគេ​អស់​កម្លាំង​តាម​ផ្លូវ»​

33 នោះ​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទីរហោឋាន​ដូច្នេះ​ តើ​យើង​រក​នំប៉័ង​មក​ពី​ណា​ឲ្យ​បាន​ច្រើន​ ដើម្បី​ចម្អែត​បណ្ដាជន​ដ៏​សន្ធឹក​បែប​នេះ?»​

34 ព្រះយេស៊ូ​សួរ​ពួក​សិស្ស​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»​ ពួក​សិស្ស​ទូល​ថា៖​ «មាន​ប្រាំ​ពីរ​ដុំ​ និង​ត្រី​ខ្លះ​ដែរ»​

35 កាល​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ដី​ហើយ​

36 ព្រះអង្គ​យក​នំប៉័ង​ប្រាំពីរ​ដុំ​ និង​ត្រី​ទាំង​នោះ​មក​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន។​