8 កាលព្រះយេស៊ូជ្រាបហើយក៏មានបន្ទូលថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាសួរដេញដោលគ្នាអំពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ?
9 តើអ្នករាល់គ្នានៅតែមិនទាន់យល់ ឬក៏មិនចាំពីនំប៉័ងប្រាំដុំសម្រាប់មនុស្សប្រាំពាន់នាក់ទេឬ? តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រក?
10 ចុះនំប៉័ងប្រាំពីរដុំសម្រាប់មនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ដ្រក?
11 តើដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីទេតើ»។
12 បន្ទាប់មក ទើបពួកគេយល់ថា ព្រះអង្គមិនបានមានបន្ទូលឲ្យប្រយ័ត្ននឹងមេនំប៉័ងទេ ប៉ុន្ដែគឺឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីវិញ។
13 កាលព្រះយេស៊ូយាងមកដល់តំបន់ក្រុងសេសារាភីលីព ព្រះអង្គសួរពួកសិស្សរបស់ព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថា កូនមនុស្សជាអ្នកណា?»
14 ពួកគេទូលថា៖ «អ្នកខ្លះថា លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះទៀតថា លោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកយេរេមា ឬអ្នកនាំព្រះបន្ទូលម្នាក់»