1 ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេ ឡើងលើភ្នំមួយខ្ពស់
2 ហើយព្រះអង្គទៅជាមានរូបរាងប្លែក នៅចំពោះមុខពួកគេ ព្រះភក្ដ្ររបស់ព្រះអង្គភ្លឺចាំងចែងដូចជាដួងអាទិត្យ ឯអាវរបស់ព្រះអង្គប្រែជាសដូចជាពន្លឺ
3 ហើយមើល៍ លោកម៉ូសេ និងលោកអេលីយ៉ាបានលេចមកឲ្យពួកគេឃើញ ទាំងកំពុងនិយាយជាមួយព្រះអង្គផង
4 លោកពេត្រុសទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! ជាការល្អណាស់ដែលយើងបាននៅទីនេះ ប្រសិនបើព្រះអង្គព្រម ខ្ញុំនឹងធ្វើរោងបីនៅទីនេះ មួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»
5 កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
6 ពេលពួកសិស្សស្ដាប់ឮ គេក៏ក្រាបផ្កាប់មុខទាំងភ័យខ្លាចជាខ្លាំង