3 ពេលឮដូច្នេះ ស្ដេចហេរ៉ូឌ និងមនុស្សទាំងអស់នៅក្នុងក្រុងយេរូសាឡិម ក៏ព្រួយចិត្តជាមួយស្ដេចដែរ។
4 ពេលកោះប្រជុំពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យទាំងអស់របស់ប្រជាជន ស្ដេចបានសួរពួកគេពីកន្លែងដែលព្រះគ្រិស្ដប្រសូត
5 គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតដូចបានចែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា
6 នែភូមិបេថ្លេហិមក្នុងស្រុកយូដាអើយ ក្នុងចំណោមអ្នកគ្រប់គ្រងស្រុកយូដា អ្នកមិនអន់ជាងគេឡើយ ព្រោះនឹងមានអ្នកគ្រប់គ្រងម្នាក់ចេញពីអ្នកមក ហើយគ្រប់គ្រងលើអ៊ីស្រាអែលជាប្រជាជនយើង»។
7 បន្ទាប់មក ស្ដេចហេរ៉ូឌបានហៅពួកតារាវិទូមកជាសម្ងាត់ ដើម្បីសួរបញ្ជាក់គេពីពេលវេលាដែលផ្កាយរះឡើង។
8 ពេលចាត់ពួកតារាវិទូទាំងនោះទៅភូមិបេថ្លេហិម ស្ដេចមានបន្ទូលថា៖ «ចូរទៅសាកសួរពីបុត្រតូចនោះឲ្យបានច្បាស់ ពេលអ្នករាល់គ្នារកឃើញហើយ សូមប្រាប់ខ្ញុំផង ដើម្បីឲ្យខ្ញុំទៅថ្វាយបង្គំព្រះអង្គដែរ»
9 ដូច្នេះ គេក៏ស្ដាប់តាមស្ដេច ហើយចេញទៅ ឯផ្កាយដែលគេឃើញនៅទិសខាងកើតនោះបាននាំមុខពួកគេ រហូតមកដល់កន្លែងដែលបុត្រតូចនៅ ហើយក៏ឈប់នៅចំពីលើនោះ