ម៉ាថាយ 2:5-11 KCB

5 គេ​ទូល​ស្ដេច​ថា៖​ «នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​ ដ្បិត​ដូច​បាន​ចែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា​

6 នែ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​អើយ​ ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​ស្រុក​យូដា​ អ្នក​មិន​អន់​ជាង​គេ​ឡើយ​ ព្រោះ​នឹង​មាន​អ្នក​គ្រប់គ្រង​ម្នាក់​ចេញពី​អ្នក​មក​ ហើយ​គ្រប់គ្រង​លើ​អ៊ីស្រាអែល​ជា​ប្រជាជន​យើង‍»‍។​

7 បន្ទាប់​មក​ ស្ដេច​ហេរ៉ូឌ​បាន​ហៅ​ពួក​តារាវិទូ​មក​ជា​សម្ងាត់​ ដើម្បី​សួរ​បញ្ជាក់​គេ​ពី​ពេល​វេលា​ដែល​ផ្កាយ​រះ​ឡើង‍។​

8 ពេល​ចាត់​ពួក​តារាវិទូ​ទាំងនោះ​ទៅ​ភូមិ​បេថ្លេហិម​ ស្ដេច​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​សាក​សួរ​ពី​បុត្រ​តូច​នោះ​ឲ្យ​បាន​ច្បាស់​ ពេល​អ្នក​រាល់គ្នា​រក​ឃើញ​ហើយ​ សូម​ប្រាប់​ខ្ញុំ​ផង​ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ»​

9 ដូច្នេះ​ គេ​ក៏​ស្ដាប់​តាម​ស្ដេច​ ហើយ​ចេញ​ទៅ​ ឯ​ផ្កាយ​ដែល​គេ​ឃើញ​នៅ​ទិស​ខាង​កើត​នោះ​បាន​នាំ​មុខ​ពួកគេ​ រហូត​មក​ដល់​កន្លែង​ដែល​បុត្រ​តូច​នៅ​ ហើយ​ក៏​ឈប់​នៅ​ចំ​ពី​លើ​នោះ​

10 កាល​បាន​ឃើញ​ផ្កាយ​នោះ​ ពួកគេ​មាន​សេចក្ដី​ត្រេកអរ​ និង​រីករាយ​ជា​ខ្លាំង​

11 ពេល​ចូល​មក​ក្នុង​ផ្ទះ​ ពួកគេ​ក៏​ឃើញ​បុត្រ​តូច​នៅ​ជាមួយ​នាង​ម៉ារា​ជា​ម្ដាយ​ ពួកគេ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ ព្រម​ទាំង​បើក​យក​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ថ្វាយ​ដល់​ព្រះអង្គ​ជា​តង្វាយ​ មាន​មាស កំញ៉ាន​ និង​ជ័រ​ក្រអូប។​