ម៉ាថាយ 21:16-22 KCB

16 ហើយ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «តើ​អ្នក​ឮ​អ្វី​ដែល​ក្មេងៗ​ទាំង​នេះ​កំពុង​និយាយ​ដែរ​ទេ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បាទ​ ខ្ញុំ​ឮ​ហើយ​ តើ​ពួក​លោក​មិន​ដែល​អាន​ទេ​ឬ​ថា​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​ក្មេងៗ​ និង​ទារក​ដែល​នៅ​បៅ?»​

17 ព្រះអង្គ​បាន​ចាក​ចេញ​ពី​ពួកគេ​ ហើយ​យាង​ចេញ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​បេថានី​ និង​បាន​ស្នាក់​នៅ​ទី​នោះ​នៅ​យប់​នោះ។​

18 លុះ​ព្រលឹម​ឡើង​ពេល​កំពុង​យាង​ត្រលប់​ទៅ​ក្រុង​វិញ​ ព្រះអង្គ​ឃ្លាន​

19 កាល​បាន​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​តាម​ផ្លូវ​ ព្រះអង្គ​ក៏​យាង​ទៅ​ជិត​ដើម​ល្វា​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​ផ្លែ​សោះ​នៅ​លើ​ដើម​ មាន​តែ​ស្លឹក​ប៉ុណ្ណោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖​ «ដរាប​ត​ទៅ​ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ»​ ស្រាប់តែ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត​មួយ​រំពេច។​

20 ពេល​ពួក​សិស្ស​ឃើញ​ដូច្នេះ​ ក៏​នឹក​ឆ្ងល់​ទាំង​និយាយ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ល្វា​នេះ​ ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»​

21 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ ហើយ​ឥត​សង្ស័យ​សោះ​ នោះ​អ្នក​រាល់គ្នា​អាច​ធ្វើ​បាន​ មិន​ត្រឹម​ហេតុ​ការណ៍​ដែល​កើត​ឡើង​ចំពោះ​ដើម​ល្វា​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​អ្នក​រាល់គ្នា​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ នោះ​នឹង​កើត​ឡើង​ដូច្នោះ​មែន​

22 ហើយ​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​អ្នក​រាល់គ្នា​សុំ​ក្នុង​សេចក្ដី​អធិស្ឋាន​ដោយ​ជំនឿ​ នោះ​នឹង​បាន​ទទួល»។​