ម៉ាថាយ 22:3-9 KCB

3 ស្ដេច​បាន​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ហៅ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ពិធី​មង្គលការ​ ប៉ុន្ដែ​ពួកគេ​មិន​ចង់​មក​ទេ។​

4 ស្ដេច​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ​ម្ដង​ទៀត​ ដោយ​មាន​បន្ទូល​ថា​ ចូរ​ប្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ មើល៍​ យើង​បាន​រៀបចំ​អាហារ​របស់​យើង​រួច​ហើយ​ គោ​ និង​សត្វ​បំប៉ន​ធាត់ៗ​បាន​សម្លាប់​រួច​ហើយ​ អ្វីៗ​ត្រូវ​បាន​រៀបចំ​ជា​ស្រេច​ សូម​អញ្ជើញ​មក​ចូលរួម​ពិធី​មង្គលការ​ចុះ។​

5 ប៉ុន្ដែ​ពួក​ភ្ញៀវ​មិន​ខ្វល់​ទេ​ ម្នាក់​ចេញ​ទៅ​ចម្ការ​របស់​ខ្លួន​ ម្នាក់​ទៀត​ទៅ​ប្រកប​របរ​រកស៊ី​របស់​ខ្លួន​

6 ហើយ​អ្នក​ខ្លះ​ទៀត​បាន​ចាប់​ពួក​បាវបម្រើ​ទាំង​នោះ​ធ្វើ​បាប​ ហើយ​សម្លាប់​ចោល។​

7 ដូច្នេះ​ ស្ដេច​ក៏​ខឹង​ ហើយ​បាន​ចាត់​ទាហាន​របស់​ខ្លួន​ឲ្យ​ទៅ​កម្ទេច​ឃាតក​ទាំង​នោះ​ ទាំង​ដុត​ក្រុង​របស់​ពួកគេ​ចោល​ផង​

8 បន្ទាប់​មក​ ស្ដេច​មាន​បន្ទូល​ទៅ​ពួក​បាវបម្រើ​របស់​ខ្លួន​ថា​ ពិធី​មង្គលការ​បាន​រៀបចំ​រួច​ជា​ស្រេច​ហើយ​ ប៉ុន្ដែ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទាំង​នោះ​ មិន​ស័ក្តិសម​នឹង​ចូលរួម​ទេ​

9 ដូច្នេះ​ ចូរ​ទៅ​ផ្លូវ​បំបែក​ ហើយ​អញ្ជើញ​អស់​អ្នក​ដែល​អ្នក​ជួប​ឲ្យ​មក​ចូលរួម​ពិធី​មង្គលការ​ចុះ​