ម៉ាថាយ 24:28-34 KCB

28 ទី​ណា​មាន​សាក​សព​ សត្វ​ត្មាត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ។​

29 ប៉ុន្ដែ​នៅ​ក្រោយ​គ្រា​ទុក្ខ​វេទនា​ទាំង​នោះ​ភ្លាម​ ដួង​អាទិត្យ​នឹង​អាប់​រស្មី​ ហើយ​លោក​ខែ​នឹង​មិន​បញ្ចេញ​ពន្លឺ​ទៀត​ទេ​ ឯ​ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ​ ហើយ​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះ​រង្គើ។​

30 នៅ​ពេល​នោះ​ ទីសំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ​ ឯ​កុលសម្ព័ន្ធ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​កាន់​ទុក្ខ​ ហើយ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​ នៅ​លើ​ពពក​នា​អាកាស​ប្រកប​ដោយ​អំណាច​ និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។​

31 លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ ដោយ​សំឡេង​ត្រែ​លាន់​រំពង​ ហើយ​ពួក​ទេវតា​នឹង​ប្រមូល​អស់​អ្នក​ ដែល​លោក​បាន​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង​ទៀត។​

32 ចូរ​រៀន​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ល្វា​ចុះ​ កាល​ណា​មែក​វា​ទន់​ ហើយ​ស្លឹក​វា​លាស់​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ​

33 ដូច្នេះ​ កាល​ណា​អ្នក​រាល់គ្នា​ឃើញ​ហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​ ពេល​វេលា​កាន់តែ​កៀក​បំផុត​ហើយ។​

34 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះត្រា​តែ​ហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន។​