ម៉ាថាយ 25:26-32 KCB

26 ម្ចាស់​របស់​គាត់​តប​ទៅ​គាត់​វិញ​ថា​ បាវបម្រើ​អាក្រក់​ និង​ខ្ចិល​អើយ!​ ឯង​ក៏​ដឹង​ដែរ​ថា​ ខ្ញុំ​ច្រូត​ពី​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ​ ហើយ​ប្រមូល​ពី​កន្លែង​ដែល​ខ្ញុំ​មិន​បាន​ពង្រាយ។​

27 បើ​ដូច្នោះ​ ម្ដេច​ក៏​ឯង​មិន​យក​លុយ​របស់​ខ្ញុំ​ទៅ​ចង​ការ​ ហើយ​ពេល​ខ្ញុំ​មក​វិញ​ ខ្ញុំ​នឹង​ទទួល​បាន​លុយ​របស់​ខ្ញុំ​ ព្រម​ទាំង​ការ​ប្រាក់​ផង​

28 ដូច្នេះ​ ចូរ​យក​មួយ​ឋាឡាន់​ពី​គាត់​ ហើយ​ឲ្យ​ទៅ​អ្នក​ដែល​មាន​ដប់​ឋាឡាន់​ចុះ​

29 ដ្បិត​អស់​អ្នក​ដែល​មាននឹង​បន្ថែម​ឲ្យ​ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង​

30 រួច​ចូរ​បោះ​បាវបម្រើ​ចោល​ម្សៀត​នេះ​ ទៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ខាង​ក្រៅ​ទៅ​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​

31 ពេល​កូន​មនុស្ស​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​លោក​ជាមួយនឹង​ពួក​ទេវតា​ទាំង​អស់​ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរី​រុងរឿង​របស់​លោក​

32 ហើយ​ជនជាតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ប្រមូល​មក​នៅ​ចំពោះមុខ​លោក​ រួច​លោក​នឹង​ញែក​ពួកគេ​ចេញ​ពី​គ្នា​ ប្រៀប​ដូចជា​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ​