ម៉ាថាយ 27:55-61 KCB

55 នៅ​ទីនោះ​មាន​ស្ដ្រី​ជា​ច្រើន​ដែល​បាន​តាម​បម្រើ​ព្រះយេស៊ូ​ពី​ស្រុក​កាលីឡេ​ផង​ដែរ​ ពួក​នាង​បាន​សម្លឹង​មើល​ពី​ចម្ងាយ​

56 នៅ​ក្នុង​ចំណោម​នោះ​មាន​ នាង​ម៉ារា​ ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ និង​លោក​យ៉ូសេស​ ព្រម​ទាំង​ប្រពន្ធ​របស់​លោក​សេបេដេ​ផង។​

57 លុះ​ដល់​ពេល​ល្ងាច​ បុរស​អ្នក​មាន​ម្នាក់​មក​ពី​ក្រុង​អើរីម៉ាថេ​ឈ្មោះ​យ៉ូសែប​ ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ​នោះ​បាន​មក​ដល់​

58 គាត់​បាន​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះយេស៊ូ​ ពេល​នោះ​ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​សព​ឲ្យ។​

59 លោក​យ៉ូសែប​បាន​យក​សព​រុំ​នឹង​សំពត់​ទេស​ឯក​ស្អាត​មួយ​

60 ហើយ​ក៏​បញ្ចុះ​សព​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់​ ដែល​គាត់​បាន​ដាប់​នៅ​ក្នុង​ថ្ម។​ កាល​បាន​ប្រមៀល​ថ្ម​ធំ​មួយ​បិទ​ច្រក​ចូល​ផ្នូរ​រួច​ គាត់​ក៏​ចាក​ចេញ​ទៅ​

61 ឯ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ម្នាក់​ទៀត​ បាន​អង្គុយ​នៅ​មុខ​ផ្នូរ​ទី​នោះ​ដែរ។​