ម៉ាថាយ 3:7-13 KCB

7 ប៉ុន្ដែ​ពេល​ឃើញ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ គាត់​ក៏​និយាយ​ទៅ​គេ​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​អ្នក​រាល់គ្នា​ឲ្យ​រត់​គេច​ពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​

8 ហេតុ​នេះ​ ចូរ​បង្កើត​ផលផ្លែ​ឲ្យ​ស័ក្តិសម​នឹង​ការ​ប្រែចិត្ដ​ចុះ​

9 ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ‍។​

10 ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួច​ជា​ស្រេច​ ដូច្នេះ​ រាល់​ដើម​ឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅ​ក្នុង​ភ្លើង​

11 ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែចិត្ដ​ ប៉ុន្ដែ​ព្រះអង្គ​ដែល​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ដោះ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ​

12 ព្រះអង្គ​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​ ហើយ​ព្រះអង្គ​នឹង​សំអាត​ទីលាន​បោក​ស្រូវ​របស់​ព្រះអង្គ​ ព្រះអង្គ​នឹង​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​ ប៉ុន្ដែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិនចេះរលត់»។​

13 បន្ទាប់​មក​ ព្រះយេស៊ូ​យាង​ពី​ស្រុក​កាលីឡេ​មក​រក​លោក​យ៉ូហាន​នៅ​អូរ​យ័រដាន់​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់​