ម៉ាថាយ 4:18-24 KCB

18 ពេល​យាង​តាម​មាត់​បឹង​កាលីឡេ​ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ​ គឺ​លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ និង​លោក​អនទ្រេ​ជា​ប្អូន​ កំពុង​បង់​សំណាញ់​ក្នុង​បឹង​

19 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»​

20 ភ្លាម​នោះ​ ពួកគេ​ក៏​ទុក​សំណាញ់​ចោល​ រួច​ដើរ​តាម​ព្រះអង្គ​តែ​ម្ដង។​

21 កាល​យាង​ហួស​ទីនោះ​បន្ដិច​ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត​ គឺ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេដេ​ កំពុង​ជួសជុល​សំណាញ់​ក្នុង​ទូក​ជាមួយ​លោក​សេបេដេ​ជា​ឪពុក​ ព្រះអង្គ​ក៏​ហៅ​អ្នក​ទាំង​ពីរ​នោះ​

22 ភ្លាម​នោះ​ ពួកគេ​ក៏​ចាក​ចេញ​ពី​ទូក​ និង​ឪពុក​របស់​ពួកគេ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។​

23 ព្រះអង្គ​បាន​យាង​ទៅ​ពាសពេញ​ស្រុក​កាលីឡេ​ បង្រៀន​នៅក្នុង​សាលា​ប្រជុំ​នានា​របស់​ពួកគេ​ ហើយ​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ និង​បាន​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​ក្នុង​ចំណោម​ប្រជាជន​ឲ្យ​បាន​ជា​ផង‍។​

24 កេរ្ដិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​ស្រុក​ស៊ីរី​ គេ​បាន​នាំ​យក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​ចូល​ មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់​ដៃ​ជើង​ផង​ ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។​